(វ៉ាស៊ីនតោន)៖ ទីបំផុតកងអង្គភាពនាវា 2nd Fleet របស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសឲ្យដំណើរការឡើងវិញហើយ ក្រោយបញ្ឈប់សកម្មភាពអស់រយៈពេលប្រមាណ០៧ឆ្នាំ ហើយកងអង្គភាពនេះ ត្រូវមន្រ្តីជើងទឹកអាមេរិកមួយរូបបង្ហើបឲ្យដឹងថា នឹងធ្វើការពង្រីកវិសាលភាពនៃដែនធ្វើប្រតិបត្តិការរបស់ខ្លួន ឲ្យហួសពីតំបន់ Arctic Circle រហូតដល់ក្បែរទឹកដីនៃប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ីចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។
កងអង្គភាព 2nd Fleet របស់សហរដ្ឋអាមេរិក ដែលជាទូទៅតែងធ្វើប្រតិបត្តិការគ្របដណ្តប់លើសមុទ្រអាត្លង់ទិចខាងលិចនោះ ត្រូវបានបញ្ឈប់សកម្មភាពកាលពីឆ្នាំ២០១១ ក្រោយពីមន្ទីរការពារជាតិអាមេរិក Pentagon បានសម្រេចថា វាទាមទារឲ្យមានការចំណាយច្រើនលើសលុបពេក ដើម្បីរក្សាវត្តមានរបស់អង្គភាពជើងទឹកមួយ ឲ្យគ្រប់គ្រងគ្របដណ្តប់លើតំបន់ ដែលមានសុខសន្តិភាពរហូតមក។ ដោយឡែក កាលពីខែឧសភាកន្លងទៅ ក៏មានដំណឹងថាថា មន្ទីរ Pentagon នឹងដាក់ដំណើរការអង្គភាព 2nd Fleet ឡើងវិញ ហើយវានឹងដើរតួនាទីសំខាន់ជាងមុនទៅទៀត នៅក្នុងកងទ័ពជើងទឹកអាមេរិកទាំងមូល។
គួរជម្រាបថា បើតាមការលើកឡើងរបស់អតីតអនុរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Bob Work បានឲ្យដឹងថា ការដាក់ពង្រាយក្រុមនាវាចម្បាំងអាមេរិក ទៅដល់មាត់ទ្វារផ្ទះរបស់រុស្ស៊ីបែបនេះ នឹងកាត់បន្ថយសមត្ថភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការចល័តនាវាមុជទឹកទៅក្នុងដែនសមុទ្រអន្តរជាតិ ដែលអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ទ័ពជើងទឹករបស់អាមេរិក៕