(កង់បេរ៉ា)៖ លោក Scott Morrison បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី៣០ នៃប្រទេសអូស្រ្តាលី ក្រោយពីលោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតផ្ទៃក្នុងដើម្បីជ្រើសរើសប្រធានថ្មីរបស់បក្សកាន់អំណាចអូស្រ្តាលី ជំនួសលោក Malcolm Turnbull។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។
លោក Morrison គឺជាបុគ្គលដ៏សំខាន់មួយរូប នៅពីក្រោយចលនាដើម្បីបណ្តេញលោក Turnbull ចេញពីតំណែង ក្រោយពីក្រុមន្រ្តីបក្សសេរីនិយម បាននាំគ្នាសម្តែងការជំទាស់ប្រឆាំងនឹងគោលនយោបាយរបស់លោក Turnbull ហើយនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានបក្សសេរីនិយមថ្មីកាលពីម្សិលមិញ លោក Morrison បានទទួលជ័យជម្នះក្នុងសំឡេងគាំទ្រ៤៥ដល់នឹង៤០សំឡេងរបស់បេក្ខជនមួយរូបទៀតគឺលោក Peter Dutton។
គួរជម្រាបថា ការបោះឆ្នោតខាងលើនេះ ត្រូវបានធ្វើឡើងក្រោយ សមាជិកសភាអូស្ត្រាលីភាគច្រើនទាមទារឲ្យលោក Turnbull ចុះចេញពីតំណែងដោយសារអសមត្ថភាព និងធ្លាក់ប្រជាប្រិយភាព យ៉ាងខ្លាំងនៅក្នុងស្ទង់មតិជាច្រើននាពេលថ្មីៗនេះ៕