(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយធុន B-2 មួយគ្រឿង ឲ្យទៅធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរប្រភេទ B61-12 ដែលទើបបង្កើនសមត្ថភាពភាព ដើម្បីវាយតម្លៃលើភាពត្រឹមត្រូវនិងសមត្ថភាព នៃមុខងារវាយប្រហារចម្រុះដ៏សម្បូរបែបរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។
ការដំឡើងសមត្ថភាពបន្ថែមថ្មីចុងក្រោយនេះ បានផ្តល់លទ្ធភាពឲ្យគ្រាប់បែកនុយក្លេអ៊ែរខាងលើ អាចប្រើប្រាស់ក្នុងវាយប្រហារបានជាច្រើនបែប ក្នុងនោះមានទាំងការទម្លុះចូលផែនដី ការបំផ្ទុះលើផ្ទៃផែនដី និងការកម្ទេចកន្លែងការពារក្រោមដីជាដើម។ គុណសម្បត្តិចម្បងរបស់គ្រាប់បែកនេះ គឺវាមានបំពាក់នូវសមត្ថភាពចម្រុះ ដែលអាចប្រើប្រាស់ប្រឆាំងនឹងគោលដៅ នៅគ្រប់កាលៈទេសៈទាំងអស់ នៅក្នុងគ្រាប់បែកតែមួយគ្រាប់ប៉ុណ្ណោះ។
គួរជម្រាបថា ក្រៅពីគ្រាប់បែក B61-12 ប្រព័ន្ធគ្រប់គ្រងរបស់យន្តហោះ B-2 ដែលបានបង្ហាញខ្លួនជាលើកដំបូង តាំងតែពីទសវត្សរ៍៨០ មកម្ល៉េះនោះ ក៏នឹងត្រូវទទួលបានការដំឡើងសមត្ថភាពនាពេលខាងមុខផងដែរ៕