ប្រធានាធិបតីអាមេរិក ចេញបញ្ជាឲ្យផ្តាច់ជំនួយ២០០លានដុល្លារ សម្រាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank និង Gaza (video inside)
25-08-2018 09:59
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យលុយជាង២០០លានដុល្លារ ដែលជាជំនួយសេដ្ឋកិច្ចសម្រាប់តំបន់ Gaza និង West Bank របស់ប៉ាឡេស្ទីន បង្វែរទៅកាន់កន្លែងផ្សេងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានអង់គ្លេស BBC នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។
មន្រ្តីនៃក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា ការសម្រេចចិត្តរបស់លោក ត្រាំ ត្រូវបានធ្វើឡើង ក្រោយការត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ដើម្បីធានាថាមូលនិធិជំនួយទាំងនេះ ត្រូវយកទៅប្រើប្រាស់ ដោយស្របតាមផលប្រយោជន៍ជាតិ របស់សហរដ្ឋអាមេរិក។ នាពេលកន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានផ្អាកការផ្តល់ជំនួយចំនួន៦៥លានដុល្លាររួចទៅហើយ ទៅកាន់ទីភ្នាក់ងារជួយសង្រ្គោះរបស់អង្គការសហប្រជាជាតិ សម្រាប់ជនជាតិប៉ាឡេស្ទីនផងដែរ។
គួរជម្រាបថា ទំនាក់ទំនងរវាងប៉ាឡេស្ទីន និងសហរដ្ឋអាមេរិក មិនបានជួបភាពល្អប្រសើរនោះឡើយ ចាប់តាំងតែពីលោក ដូណាល់ ត្រាំ បានឡើងកានអំណាចមក ហើយវាបានធ្លាក់ចុះកាន់តែខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសទទួលស្គាល់ហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល កាលពីខែធ្នូ ឆ្នាំ២០១៧៕