(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកជើងចាស់ និងជាវីរជនសម័យសង្រ្គាមដ៏អង់អាចម្នាក់របស់អាមេរិក លោក John McCain ទីបំផុតបានសម្រេចបញ្ឈប់ការព្យាបាលជំងឺមហារីកខួរក្បាលហើយ។ នេះបើតាមការប្រកាសពីក្រុមគ្រួសាររបស់លោកផ្ទាល់ ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។
សេចក្តីប្រកាសខាងលើត្រូវធ្វើឡើង បន្ទាប់ពីមន្រ្តីបក្សសាធារណរដ្ឋរូបនេះ បានបង្ហើបឲ្យដឹងជាសាធារណៈអំពីស្ថានភាពជំងឺរបស់លោកកាលពីឆ្នាំមុន ហើយវាគឺជាសញ្ញាបង្ហាញពីទីបញ្ចប់នៃការខិតខំតស៊ូប្រឹងប្រែងដ៏លំបាក នាពេលកន្លងមករបស់លោក McCain ជាមួយនឹងជំងឺមហារីកដ៏កាចសាហាវនេះ។
គួរជម្រាបថា លោក McCain បច្ចុប្បន្ន វ័យ៨១ឆ្នាំ បានចំណាយពេលជាង០៣ទសវត្សរ៍ ដើម្បីបម្រើប្រទេសជាតិ នៅក្នុងសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងបានឆ្លងកាត់ការជជែកដេញដោលលើប្រធានបទសំខាន់ៗជាច្រើនរាប់មិនអស់ រួមមានដូចជា បញ្ហាសង្រ្គាមនិងសន្តិភាព ព្រមទាំងទិសដៅរបស់សហរដ្ឋអាមេរិកជាដើម។
ក្រៅពីនេះ លោក John McCain ធ្លាប់ជាអាកាសយានិកយន្តហោះចម្បាំងម្នាក់ ដែលបានចំណាយពេលរាប់ឆ្នាំ ជាប់ខ្លួនជាអ្នកទោសកាលពីសម័យសង្រ្គាមនៅប្រទេសវៀតណាម ក្រោយពីយន្តហោះរបស់លោក ត្រូវគេបាញ់ទម្លាក់ ស្របពេលកំពុងបំពេញបេសកកម្មទម្លាក់គ្រាប់បែកលើទីក្រុងហាណូយ។ លោក McCain ក៏ធ្លាប់បានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិកកាលពី២០០៨ ប្រជែងជាមួយលោក Barack Obama ផងដែរ៕