(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រូបលោកបានស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសខាងជើងនាសប្តាហ៍ក្រោយ ដោយលើកហេតុផលថា ខ្វះខាតវឌ្ឍនភាពជុំវិញបញ្ហារំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨។
សំណើរបស់លោក ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពី លោក ប៉ុមប៉េអូ បានប្រកាសថា រូបលោកបានតែងតាំងលោក ស្ទីវិន ប៊ីហ្គាន់ ជាបេសកជនពិសេសថ្មីទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ហើយលោករដ្ឋមន្រ្តីការបរទេសអាមេរិក បានបញ្ជាក់ទៀតថា លោករួមជាមួយលោក ប៊ីហ្គាន់ នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នាសប្តាហ៍ក្រោយនេះ។
គួរជម្រាបថា លោក ប៉ុមប៉េអូ ធ្លាប់បានទៅបំពេញទស្សនកិច្ចចំនួន០៣លើករួចមកហើយ នៅកូរ៉េខាងជើង គឺកាលពីខែមេសា ឧសភា និងកក្កដា៕