(អាមេរិក)៖ សំណើសុំដំឡើងពន្ធចំនួន២៥ភាគរយ លើទំនិញនាំចូលពីប្រទេស ចិន បច្ចុប្បន្នកំពុងបើកចំហទទួលយកមតិយោបល់ពីសាធារណៈជននៅសហរដ្ឋអាមេរិក រហូតដល់ចុងខែសីហានេះ។ ទាក់ទងនឹងការយកពន្ធគយលើទំនិញនាំចូលបន្ថែមពីប្រទេស ចិននៅសប្តាហ៍នេះ មតិខ្លះបានបង្ហាញពីផលប៉ះពាល់អវិជ្ជមានជាច្រើន។
បច្ចុប្បន្នការដំឡើងពន្ធគយដ៏គំហុកនេះ កំពុងស្ថិតក្នុងដំណាក់កាលនៃការត្រៀមរៀបចំគឺក្នុងរយៈពេលបីសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ចេញនូវបញ្ជីទំនិញនាំចូលពីប្រទេស ចិន ដែលប្រឈមនឹងការយកពន្ធចំនួន១០ភាគរយ តែបច្ចុប្បន្នបានកើនឡើងដល់២៥ភាគរយ ដែលមានតម្លៃស្មើនឹង២០០ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោមទំនិញនាំចូលពីប្រទេសចិន ត្រូវចាត់ចូលទៅក្នុងប្រភេទទំនិញខុសៗគ្នា។ លោក John Gong សាស្ត្រាចារ្យប្រចាំនៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ និងជាសេដ្ឋវិទូប្រចាំទីក្រុង ប៉េកាំង បាននិយាយថា ទំនិញទាំងនេះភាគច្រើន ជាប្រភេទផលិតផលសម្រាប់បំពេញតម្រូវការ ប្រជាពលរដ្ឋអាមេរិកដែលមានប្រាក់ចំណូលកម្រិតមធ្យម។ ប្រសិនបើអាមេរិកយកពន្ធលើទំនិញនាំចូលពីប្រទេស ចិន ទំនិញទាំងនោះនឹងឡើងថ្លៃ ហេតុនេះដែលអ្នកដែលត្រូវចំណាយពិតប្រាកដ គឺប្រជាជនអាមេរិក ដោយពួកគេត្រូវបង់ថ្លៃទៅលើពន្ធទាំងនោះខ្ពស់ជាងធម្មតា។ លោកបានបន្តថា សញ្ញាអតិផរណានឹងកើតមានឡើង ប្រសិនបើគោលការណ៍ពន្ធនេះត្រូវបានអនុវត្តពិតមែននោះ។
ក្រុមអ្នកជំនាញនិយាយថា ការដំឡើងពន្ធគយនេះស្មើនឹងការបង្កើនការចំណាយប្រចាំឆ្នាំសរុប សម្រាប់គ្រួសារអាមេរិកដូចគ្នា ប្រសិនបើក្រុមហ៊ុនទាំងអស់បង្កើនតម្លៃទំនិញលើអ្នកប្រើប្រាស់។ ផលប៉ះពាល់រួម អាចនឹងមានកម្រិតខ្ពស់ជាងនេះ។ ជាក់ស្តែងសហរដ្ឋអាមេរិក ពឹងផ្អែកយ៉ាងខ្លាំងលើផលិតផលប្រទេសចិន មួយចំនួនដូចជា គ្រឿងធ្វើពីឈើ គ្រឿងសង្ហារឹម ក្រណាត់ និងអំបោះជាដើម។ សម្រាប់ប្រទេសចិន រោងចក្រឧស្សាហកម្ម ដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងបំផុត នោះអាចប្រឈមមុខនឹងការបិទទ្វាក៏ខ្ពស់ផងដែរ។
ទាក់ទិននឹងបញ្ហានេះ ប្រទេសចិនបានបញ្ជាក់សាជាថ្មីថា ខ្លួនមិនចង់មានសង្រ្គាមពាណិជ្ជកម្មនោះទេ ក៏ប៉ុន្តែក៏មិនខ្លាចសង្គ្រាមដែរ។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចាត់វិធានការបន្ថែម ដើម្បីពន្លឿនកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ដែលបង្កឡើងដោយសង្រ្គាមពាណិជ្ជកម្ម។
ប្រសិនបើអាមេរិក នៅតែបន្តអនុវត្តតាមគោលការណ៍ដំឡើងពន្ធ ខណៈដែលប្រទេស ចិន ព្យាយាមស្វែងរកច្រកចេញ និងចាត់វិធានការណ៍ទប់ស្កាត់កុំឲ្យមានផលប៉ះពាល់ខ្ពស់ ហេតុនេះអ្នកដែលរងគ្រោះពិតប្រាកដអាចមិនមែនមានតែប្រទេស ចិន ប៉ុណ្ណោះទេ ផ្ទុយទៅវិញគឺប្រជាពលរដ្ឋអាមេរិកដែលនិយមប្រើប្រាស់ផលិតចិន ទើបជាអ្នករងគ្រោះ ដោយសារត្រូវបង្កើនការចំណាយរបស់ខ្លួន៕