(តូក្យូ)៖ នារីជប៉ុនម្នាក់ បានចាប់ផ្តើមបំពេញកាតព្វកិច្ចហោះហើរជាផ្លូវការ ខណៈដែលខ្លួនបានបញ្ចប់ការហ្វឹកហាត់ ហើយក្លាយជាអាកាសយានិកស្រីដំបូងគេ ក្នុងផ្នែកបញ្ជាយន្តហោះចម្បាំង នៅប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅយប់ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសរបស់កងស្វ័យការពារជប៉ុន អ្នកនាង Misa Matsushima វ័យ២៦ឆ្នាំ ត្រូវបានតែងតាំងជាអាកាសយានិកយន្តហោះចម្បាំង ក្រោយពីបានបញ្ចប់ការហ្វឹកហាត់ហោះហើរយន្តហោះចម្បាំងធុន F-15។ នាឱកាសនោះ អ្នកនាង Matsushima បាននិយាយថា ក្នុងនាមជា អាកាសយានិកស្រ្តីដំបូងគេខាងផ្នែកយន្តហោះចម្បាំង អ្នកនាងនឹងបើកផ្លូវសម្រាប់អ្នកជំនាន់ក្រោយ។ ខណៈពេលនេះ នារី០៣រូបផ្សេងទៀត ក៏កំពុងស្ថិតក្នុងការហ្វឹកហាត់ ដើម្បីក្លាយខ្លួនជាអាកាសយានិកយន្តហោះចម្បាំងផងដែរ។
គួរជម្រាបថា កងទ័ពអាកាសជប៉ុន បានចាប់ផ្តើមទទួលនារីភេទឲ្យចូលបម្រើទ័ពតាំងតែពីឆ្នាំ១៩៩៣មក ប៉ុន្តែលើកសម្រាប់តួនាទីជាអាកាសយានិកយន្តហោះចម្បាំង និងយន្តហោះឈ្លបការណ៍។ ក្រោយមកនៅចុងឆ្នាំ២០១៥ ជប៉ុន បានសម្រេចដកបម្រាមនេះចេញ។
យន្តហោះធុន F-15J ដែលពួកគេត្រូវបញ្ជាគឺជាប្រភេទយន្តហោះចម្បាំងម៉ាស៊ីនពីរ រចនាឡើងសម្រាប់ការប្រយុទ្ធលើផ្ទៃអាកាសជាមួយយន្តហោះយោធាដទៃទៀត ហើយពួកវាអាចហោះហើររហូតដល់ល្បឿន Mach 2.5 គឺ២.៥ដងលឿនជាងល្បឿនសំឡេង ឬប្រហែល៣,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ សម្រាប់អ្នកនាង Matsushima ដំបូងឡើយគឺខ្លួនចង់ក្លាយជាអ្នកហោះហើរត្រឹមយន្តហោះដឹកជញ្ជូនប៉ុណ្ណោះ នៅពេលដែលបម្រាមទាក់ទិននឹងអាកាសយានិកយន្តហោះចម្បាំង មិនទាន់ត្រូវបានដកចេញ៕