(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនៅឯកោះលុមបុក បានកើន ដល់៥៥៥នាក់ហើយ និងជិត១,៥០០នាក់រងរបួស ខណៈមនុស្ស៣៩០,០០០នាក់ទៀត កំពុងស្នាក់នៅតាមជម្រកស្នាក់នៅ បណ្ដោះអាសន្ននៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។

កោះលុមបុក ដែលជាគោលដៅទេសចរណ៍ដ៍សំខាន់របស់ឥណ្ឌូណេស៊ី បានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ប្រល័យ
ដល់ទៅពីរលើក គឺកាលពីថ្ងៃទី ២៩ ខែកក្កដា និងថ្ងៃទី០៥ ខែសីហាកន្លងទៅ។ ដោយឡែក បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះ
មហន្តរាយឥណ្ឌូណេស៊ី ជនរងគ្រោះដែលបានបាត់បង់ជីវិត ភាគច្រើននៅឯតំបន់ភាគខាងជើងនៃកោះលុមបុក ហើយការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ អាចនឹងត្រូវចំណាយអស់ប្រាក់យ៉ាងហោចណាស់ ៤៧៨លានដុល្លារ។

គួររំលឹកថា កាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត៩.១រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ដោយបង្កទៅជារលកយក្សស៊ូណាមិ ដែលបានសម្លាប់ប្រជាជនឥណ្ឌូណេស៊ីជាង១៦៨,០០០នាក់៕