(យ៉េមែន)៖ កុមារយ៉ាងហោចណាស់២២នាក់ និងស្ត្រី០៩នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះ អារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត លើជំរុំជនភៀសខ្លួនមួយកន្លែង ក្នុងទីក្រុងកំពង់ផែ Hodeidah ស្ថិតនៅភាគខាងត្បូងនៃប្រទេស យ៉េមែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មាន Saba គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទី ការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីត កើតឡើង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយមានគោលដៅលើលើជំរុំជនភៀសខ្លួន នៅក្នុងស្រុក al-Durayhemi។ ប៉ុន្តែខាងអារ៉ាប៊ីសាអូឌីត មិនទាន់ធ្វើការអត្ថធិប្បាយចំពោះការចោទប្រកាន់នេះនៅឡើយទេ។
គួររំលឹកថា អារ៉ាប៊ីសាអូឌីត បានដឹកនាំប្រតិបត្តិការយោធាវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសយ៉េមែន ចាប់តាំងពីឆ្នាំ២០១៥ មក ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់។ មកទល់នេះ សង្រ្គាមស៊ីវិល ដែលផ្ទុះឡើងតាំងតែពី ឆ្នាំ២០១៤បានផ្ដាច់ជីវិតប្រជាជនយ៉េមែនច្រើនជាង ១០,០០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងជិត០៣លាននាក់ ផ្សេងទៀតបានបង្ខំចេញចាកចេញពីផ្ទះសម្បែងរបស់ពួកគេ៕