(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌា បានឱ្យដឹងថាទីក្រុងញូដេលី និងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាថានឹងពង្រីកទំនាក់ទំនងយោធា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ដើម្បីធានាការពារសន្តិភាពនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះ របស់រដ្ឋាភិបាលឥណ្ឌា ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe និងសមភាគីឥណ្ឌាលោកស្រី Nirmala Sitharaman នៅក្នុង ទីក្រុងញូដេលី។
សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ដូច្នេះថា៖ «រដ្ឋាភិបាលឥណ្ឌា និងចិនបានសម្រេចចិត្តពង្រីកទំនាក់ទំនងយោធារវាង ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល ការធ្វើសមយុទ្ធយោធារួមគ្នា និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលចូលរួម ចំណែកក្នុងការថែរក្សាសន្តិភាពនៅតាមតំបន់ព្រំដែន និងនៅក្នុងតំបន់ទាំងមូល»។ ក៏ប៉ុន្តែការព្រមព្រៀងគ្នានេះ ត្រូវបានគេមើល ឃើញថាធ្វើឡើងនៅក្នុងបរិបទដែលប្រទេសទាំងពីរមានគោលជំហរដូចគ្នា ជុំវិញជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា ឥណ្ឌា និងចិនធ្លាប់បានប៉ះទង្គិចគ្នានៅក្នុងសង្រ្គាមមួយកាលពីឆ្នាំ១៩៦២ ដោយសារជម្លោះព្រំដែននៅឯតំបន់ជួរភ្នំ ហិម៉ាល័យ (Himalayan) ហើយភាពតានតឹងនៅព្រំដែននេះបានផ្ទុះឡើងជាថ្មីកាលពីឆ្នាំ២០១៧។ ប៉ុន្តែមហាយក្សទាំងពីរបានបើកកិច្ចពិភាក្សាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសដំឡើងពន្ធលើដែកនិង អាលុយមីញ៉ូម និងក្រោយមានកិច្ចព្រមព្រៀងស្ដារទំនាក់ទំនង កាលពីខែមេសា រវាងលោកស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី៕