(ហ្សឺណែវ)៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ចន បូលតុន បានឲ្យដឹងថារូបលោកបានព្រមានទីក្រុងម៉ូស្គូ ជុំវិញការចូលលូកលាន់ការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
នៅក្រោយកិច្ចជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក បូលតុន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអន្តរជាតិថា លោក បានធ្វើការគូសបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិក នឹងពុំមានការអត់ឱនឲ្យឡើយ ចំពោះការលួចចូលជ្រៀតជ្រែតការបោះឆ្នោតនៅឆ្នាំ២០១៨នេះ ហើយទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីទប់ស្កាត់កុំឲ្យរឿងនេះកើតមានឡើងបាន។
គួរជម្រាបថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរួចទៅហើយ ប្រឆាំងនឹងរុស្ស៊ី ជុំវិញការលូកលាន់ចូលកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ខណៈដែលទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់នេះ។ លោក បូលតុន បានសង្កត់ធ្ងន់ថា ដោយសារតែការខ្វែងគំនិតគ្នាជុំវិញបញ្ហានេះហើយ ប្រទេសទាំងពីរ មិនអាចចេញសេចក្តីថ្លែងការណ៍រួមចុងក្រោយមួយបាន នៅក្រោយកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ពូទីន កាលពីពាក់កណ្តាលខែកក្កដា៕