(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បានឲ្យដឹងថា លោកបានតែងតាំងលោក ស្ទីវិន ប៊ីហ្គាន់ (Stephen Biegun) ជាបេសកជនពិសេសប្រចាំប្រទេសកូរ៉េខាងជើង ដើម្បីបន្តកិច្ចចរចាសំខាន់ៗជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តីកាបរទេសអាមេរិក ក្នុងនាមជាអ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិក លោក ស្ទីវិន នឹងមានតួនាទីដឹកនាំកិច្ចចរចាផ្សេងៗជាមួយទីក្រុងព្យុងយ៉ាង ខណៈការប្រើប្រាស់ការទូតដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខរបស់កូរ៉េខាងជើង នៅតែជាអាទិភាពដ៏ចម្បងមួយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
គួរជម្រាបថា លោក ស្ទីវិន ក៏នឹងអមដំណើរ លោក ប៉ុមប៉េអូ បំពេញទស្សនកិច្ចលើក ទៅកាន់ប្រទេសកូរ៉េខាងជើង នាសប្តាហ៍ក្រោយផងដែរ៕