(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា លោកនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ ប្រទេសកូរ៉េខាងជើង នៅសប្ដាហ៍ក្រោយនេះ ដើម្បីបន្តកិច្ចចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨។
លោក ប៉ុមប៉េអូ ក៏បានប្រកាសតែងតាំងអនុប្រធានក្រុមហ៊ុន Ford លោក Stephen Biegun ជាបេសកជនពិសេសអាមេរិក
សម្រាប់កូរ៉េខាងជើងផងដែរ ដោយថែមទាំងនិយាយទៀតថា អ្នកទាំងនឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងជាមួយគ្នា។ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់នៅឯក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដូច្នេះថា៖ «លោក Stephen នឹងដឹកនាំ គោលនយោបាយអាមេរិកចំពោះកូរ៉េខាងជើង ក៏ដូចជាប្រឹងប្រែងសម្រេចឱ្យបាននូវវត្ថុបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើ ឧបទ្វីបកូរ៉េ...ហើយគាត់ និងខ្ញុំនឹងធ្វើដំណើរទៅកាន់កូរ៉េខាងជើងជាមួយគ្នានៅសប្ដាហ៍ក្រោយ»។
គួរបញ្ជាក់ថា លោក ប៉ុមប៉េអូ មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេកជាក់នៃដំណើរទស្សនកិច្ចនៅសប្ដាហ៍ក្រោយនេះទេ ប៉ុន្តែដំណើរ ទស្សនកិច្ចលើកនេះនឹងក្លាយជាលើកទីបួនដែលរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ យកជើងជាន់ទឹកដីកូរ៉េខាងជើងក្នុងឆ្នាំ២០១៨ នេះ៕