(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ វែបសាយឃ្លាំមើលកូរ៉េខាងជើង បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង ទំនងជាបានផ្អាកការកម្ទេចទីតាំងធ្វើតេស្តមីស៊ីលផ្លោងរបស់ខ្លួន៕
២៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពល ត្រូវបានគេរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប៉ែកខាងលិច ប្រទេសជប៉ុន ជាទីដែលអាជ្ញាធរឧតុនិយមជប៉ុនព្រមានពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដី ពិសេសគឺនៅក្នុងតំបន់ដែលទើបតែ រងគ្រោះដោយសារទឹកជំនន់ផ្ដាច់ជីវិតមនុស្សច្រើនជាង២០០នាក់ កាលពីខែកក្កដាកន្លងទៅ៕
៣៖ ចិននឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកជញ្ជូនទីមួយរបស់ខ្លួន ដែលផលិតដោយក្រុមហ៊ុនឯកជនចិន ក្នុងឆ្នាំនេះ៕
៤៖ សម្ព័ន្ធមិត្តចុងក្រោយនៅទ្វីបអាហ្វ្រិករបស់តៃវ៉ាន់ គឺប្រទេសស្វាស៊ីឡង់ ដែលទើបប្តូរឈ្មោះមកថា «អេស្វាទីនី» នោះ បានចេញមុខបញ្ជាក់ថា ខ្លួនពុំមានបំណងផ្លាស់ប្តូរទៅបង្កើតចំណងការទូត ជាមួយប្រទេសចិននោះឡើយ បន្ទាប់ពីមន្រ្តីចិនម្នាក់ បានបង្ហាញក្តីរំពឹងថា ប្រជាជាតិអាហ្រ្វិកនេះ នឹងបោះបង់តៃវ៉ាន់ចោលនាពេលឆាប់ៗជាក់ជាពុំខាន៕
៥៖ កងទ័ពរដ្ឋាភិបាលស៊ីរីនៅខេត្តអ៊ីតលីប (Idlib) ភាគពាយ័ព្យប្រទេសបានបាញ់ទម្លាក់យន្តហោះដ្រូន០៣គ្រឿងរបស់ក្រុមឧទ្ទាម៕
៦៖ សេតវិមាន បានឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជជែកគ្នាតាមទូរស័ព្ទ នៅថ្ងៃពុធសប្ដាហ៍ នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ ស្ដីពីកូរ៉េខាងជើង និងជំនួបរវាងអ្នកទាំងពីរនៅឯ មហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាងមុខនេះ៕