មហាយក្សចិន គ្រោងបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាសទីមួយ ដែលផលិតដោយក្រុមហ៊ុនឯកជន ក្នុងឆ្នាំនេះ
23-08-2018 15:23
(ប៉េកាំង)៖ ចិននឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែតដឹកជញ្ជូនទីមួយរបស់ខ្លួន ដែលផលិតដោយក្រុមហ៊ុនឯកជនចិន ក្នុងឆ្នាំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
គ្រាប់រ៉ុក្កែត ZQ-1 ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនផលិតរ៉ុក្កែតឯកជន Landspace ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ដោយផ្ទុកផ្កាយរណបតូចមួយ គ្រាប់រ៉ុក្កែតនេះ នឹងត្រូវបាញ់បង្ហោះនាពេលឆាប់ៗខាងមុខ នៅមជ្ឈមណ្ឌបង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន។
គួរជម្រាបថា ប្រសិនបើបេសកកម្មនេះ អាចប្រព្រឹត្តទៅដោយជោគជ័យ ZQ-1 នឹងក្លាយជាគ្រាប់រ៉ុក្កែតដឹកជញ្ជូនទីមួយរបស់ក្រុមហ៊ុនឯកជន ដែលអាចនាំយកផ្កាយរណបទៅកាន់ទីអវកាសបាន៕