កូរ៉េខាងជើង ហាក់ដូចជាបានផ្អាក ការកម្ទេចទីតាំងធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប
23-08-2018 11:53
(ម៉ូស្គូ)៖ វែបសាយឃ្លាំមើលកូរ៉េខាងជើង បានឲ្យដឹងថា ទីក្រុងព្យុងយ៉ាង ទំនងជាបានផ្អាកការកម្ទេចទីតាំងធ្វើតេស្តមីស៊ីលផ្លោងរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
បើតាមវែបសាយអាមេរិកឈ្មោះ North 38 រូបភាពផ្កាយរណប បានបង្ហាញឲ្យឃើញថា ចាប់តាំងតែពីដើមខែសីហានេះមក គេពុំឃើញមានសកម្មភាពគួរឲ្យកត់សម្គាល់ណាមួយ ស្តែងពីការកម្ទេចស្ថានីយបង្ហោះផ្កាយរណបសូហេ (Sohae) នៅក្បែរប្រទេសចិន ដែលត្រូវគេជឿជាក់ថា ជាទីតាំងសម្រាប់ការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប របស់កូរ៉េខាងជើងឡើយ។
គួរជម្រាបថា យោងតាមការឃ្លាំមើល នៅក្រោយជំនួបកំពូលនាមិថុនា រវាងលោក គីម ជុងអ៊ុន និង លោក ដូណាល់ ត្រាំ កាលពីខែកក្កដាកន្លងទៅ ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមបំផ្លាញមូលដ្ឋានខាងលើចោល ដែលធ្លាប់ត្រូវប្រើប្រាស់ដើម្បីបាញ់សាកល្បងមីស៊ីលផ្លោង Hwasong-15 កាលពីឆ្នាំមុន៕