(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានរិះគន់ជប៉ុនយ៉ាងខ្លាំងចំពោះទង្វើប្រព្រឹត្តកាលពីអតីតកាល ដោយបញ្ជាក់ថាការ ស្ដារទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឡើងវិញមិនអាចធ្វើទៅរួចឡើយ បើទីក្រុងតូក្យូមិនព្រមសូមទោស និងផ្ដល់សំណង សម្រាប់ការដែលខ្លួនធ្លាប់ឈ្លានពានលើឧបទ្វីបកូរ៉េជាមុនទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យគណៈកម្មាធិការកូរ៉េខាងជើងដើម្បីសន្តិភាពតំបន់ប៉ាស៊ីហ្វិក ក៏បានអះអាងដែរថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ មិនដែលលើកឡើងពីពាក្យផ្ដល់សំណង និងទទួលខុសត្រូវលើទង្វើដែលជប៉ុនបានធ្វើ នៅអំឡុងពេលគ្រប់គ្រងកូរ៉េនោះទេ (១៩១០-១៩៤៥)។ អ្នកនាំពាក្យរូបនេះបន្ថែមដូច្នេះថា៖ «ជប៉ុនគួរតែយល់ឱ្យច្បាស់ថាបើគ្មាន សំណង និងការសូមទោសសម្រាប់បទឧក្រិដ្ឋដែលខ្លួនបានធ្វើពីអតីតកាលទេ នោះក៏គ្មានកិច្ចចរចា ហើយក៏មិនអាចឈានទៅរក អនាគតថ្មីសូម្បីតែមួយជំហាន»។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការលើកឡើងបែបនេះ ទំនងជាទីក្រុងព្យុងយ៉ាងចង់ព្យាយាមដាក់លក្ខខណ្ឌជាមុនលើទីក្រុង តួក្យូ ដែលបានបង្ហាញពីចេតនាចង់ផ្ដើមកិច្ចចរចាជាមួយកូរ៉េខាងជើង ជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ៕