(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ បាននិយាយថា លោកកំពុងពិចារណាលើកលែងទោសឱ្យអតីតប្រធាន យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក គឺលោក Paul Manafort ដែលត្រូវបានតុលាការអាមេរិកផ្តន្ទាទោសកាលពីថ្ងៃអង្គារ ពីបទក្លែងបន្លំពន្ធ និងធនាគារ។ នេះបើតាមអ្នកសារព័ត៌មាន Fox News ម្នាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

អ្នកសារព័ត៌មាន Fox News លោកស្រី Ainsley Earhardt ដែលបានសម្ភាសន៍ផ្ទាល់ជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃពុធ សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានឱ្យដឹងថាប្រធានាធិបតីរូបនេះ បានប្រាប់លោកស្រីថាលោកកំពុងពិចារណាលើកលែងទោស ឱ្យលោក Manafort។ «ខ្ញុំគិតថាលោក ដូណាល់ ត្រាំ មានអារម្មណ៍សោកស្ដាយចំពោះលោក Manafort។ ពួកគេទាំងពីរគឺជាមិត្ត នឹងគ្នា»។​ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់លោកស្រី Earhardt។

គួរបញ្ជាក់ថា លោក Manafort ត្រូវបានតុលាការផ្តន្ទាទោសកាលពីថ្ងៃអង្គារ ពីបទក្លែងបន្លំធនាគារពីរករណី បន្លំពន្ធប្រាំករណី និងមួយករណីទៀតពាក់ព័ន្ធនឹងការបរាជ័យក្នុងការបង្ហាញគណនីធនាគារបរទេស។ ប៉ុន្តែ កាលបរិច្ឆេកផ្ដន្ទាទោសមិនទាន់ត្រូវបាន កំណត់ឡើយទេ រីឯលោកត្រាំ ក៏បានបង្ហាញការសោកស្ដាយចំពោះសាលក្រមនេះដែរ ដោយហៅលោក Manafort ថាជាបុរស ក្លាហានម្នាក់៕