(អាហ្វ្រិក)៖ សម្ព័ន្ធមិត្តចុងក្រោយនៅទ្វីបអាហ្វ្រិក​​របស់តៃវ៉ាន់ គឺ​ប្រទេសស្វាស៊ីឡង់ ដែលទើបប្តូរឈ្មោះមកថា ​«អេស្វាទីនី» នោះ បាន​ចេញមុខបញ្ជាក់ថា ខ្លួនពុំមានបំណងផ្លាស់ប្តូរ​​​ទៅបង្កើត​​ចំណងការទូត ជាមួយប្រទេសចិននោះឡើយ បន្ទាប់ពី​មន្រ្តីចិនម្នាក់ បាន​បង្ហាញ​ក្តីរំពឹងថា ​ប្រជាជាតិអាហ្រ្វិកនេះ នឹងបោះបង់តៃវ៉ាន់ចោលនាពេលឆាប់ៗជាក់ជាពុំខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពី​​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

តៃវ៉ាន់ ដែលត្រូវចិនចាត់ទុកត្រឹមជាខេត្ត​មួយនៅក្រោមការគ្រប់គ្រងរបស់ខ្លួន​ប៉ុណ្ណោះនោះ បច្ចុប្បន្នមានទំនាក់ទំនងផ្លូវការ​ជាមួយ​​បណ្តា​ប្រទេសត្រឹម១៧ប៉ុណ្ណោះ ដោយភាគច្រើនគឺជាប្រជាជាតិតូចៗ និងមិនសូវអភិវឌ្ឍន៍ នៅឯតំបន់​អាមេរិកកណ្តាលនិងប៉ាស៊ីហ្វិក។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ​កោះតៃវ៉ាន់ ទើបតែបានបាត់បង់​ប្រទេសអែលសាល់វ៉ាឌ័រ ក្នុងនាមជាសម្ព័ន្ធមិត្ត ដោយអែលសាល់វ៉ាឌ័រ គឺជា​ប្រទេស​ទីបីហើយ​ នៅក្នុងឆ្នាំនេះ ដែលបានដោះដៃពីតៃវ៉ាន់ ហើយងាកទៅចាប់ចិនវិញ។

គួរជម្រាបថា ជុំវិញរឿងនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានប្តេជ្ញាថានឹងតស៊ូប្រឆាំងនឹងទង្វើដ៏ហួសហេតុរបស់​ចិន ​ខណៈទីក្រុងប៉េកាំង បានលើកឡើងថា ពុំមាននរណាម្នាក់មានសិទ្ធិ​រិះគន់​ចំណងការទូត​រវាងចិននិង​អែលសាល់វ៉ាឌ័រឡើយ៕