(​ហាណូយ)៖ តុលាការវៀតណាម នៅថ្ងៃពុធនេះ បានរកឃើញថាជនជាតិអាមេរិកដើមកំណើតវៀតណាមពីរនាក់មានជាប់ពាក់ព័ន្ធ នឹងសកម្មភាពភេរវកម្ម ហើយបានសម្រេចផ្ដន្ទាទោសពួកគេម្នាក់ៗដាក់ពន្ធនាគារ១៤ឆ្នាំ សម្រាប់ការរៀបចំផែនការវាយប្រហារ បំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០១៨។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។

ការផ្ដន្ទាទោសបុរសឈ្មោះ James Nguyen និងស្ត្រីឈ្មោះ Angel Phan រួមជាមួយអ្នកសមគំនិត១០នាក់ផ្សេងទៀតជាប់ទោស រយៈពេលខ្លី ត្រូវបានផ្តន្ទាទោសបន្ទាប់ពីសវនាការរយៈពេលពីរថ្ងៃ។ លោក Nguyen និងលោកស្រី Phan ត្រូវបានតុលាការ ចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារចំនួនបីលើក ក្នុងនោះរួមមានទាំងការប៉ុនប៉ងវាយប្រហារបំផ្ទុះគ្រាប់បែកប្រឆាំងនឹង អាកាសយានដ្ឋានក្នុងទីក្រុង ហូ ជីមិញ កាលពីខែមេសាកន្លងទៅ និងការបំផ្ទុះគ្រាប់បែកដោយជោគជ័យលើប៉ុស្ដន៍ប៉ូលិសមួយ កន្លែងកាលពីខែមិថុនា ឆ្នាំ២០១៧ផងដែរ។

សូមជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាម លោក James Nguyen និងលោកស្រី Angel Phan បានធ្វើសកម្មភាព វាយប្រហាររបស់ខ្លួន ក្នុងនាមអង្គការមួយមានឈ្មោះថា «រដ្ឋាភិបាលវៀតណាមបណ្ដោះអាសន្ន» មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ អង្គការមួយនេះហើយដែលត្រួវបានទីក្រុងហាណូយ ចោទថាជាអង្គការភេរវកម្មគំាទ្រដោយអ្នកស្ម័គ្រស្មោះនឹង អតីតវៀតណាមខាងត្បូង៕