(តូក្យូ)៖ ក្រុមនេសាទជប៉ុន ជាថ្មីម្តងទៀត ទើបចាប់បានត្រីបាឡែនអម្បូរ Minke និង Sei ចំនួន១៧៧ក្បាល នៅអំឡុងដំណើរប្រមាញ់របស់ពួកគេរយៈពេល០៣ខែ នៅភាគពាយ័ព្យមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
អំឡុងបេកកកម្មនេសាទថ្មីចុងក្រោយបំផុត ដែលមានរយៈពេល៩៨ថ្ងៃនេះ ក្រុមកប៉ាល់នេសាទចំនួន០៣គ្រឿង ចាប់បានបាឡែន Sei ចំនួន១៣៤ក្បាល និងបាឡែន Minke ចំនួន៤៣ក្បាល។ ជុំវិញការប្រមាញ់សត្វត្រីនេះ ជប៉ុនក៏ធ្លាប់បានទទួលរងសម្ពាធនិងរិះគន់ច្រើនរាប់មិនអស់ពីអន្តរជាតិផងដែរ ប៉ុន្តែវាហាក់ដូចជាពុំមែនប្រសិទ្ធភាពអ្វីបន្តិចឡើយ។
គួរជម្រាបថា ការនេសាទខាងលើ គឺស្ថិតក្នុងផ្នែកនៃគម្រោងរយៈពេល១២ឆ្នាំមួយ ដែលមានគោលដៅសិក្សាទៅលើចំនួន ទម្លាប់នៃការស៊ីអាហារ និងបុគ្គលិកលក្ខណៈផ្សេងៗ របស់ពពួកត្រីបាឡែន ដែលជប៉ុនចង់ធ្វើការវិភាគ ដើម្បីផ្តល់កាគាំទ្រដល់អំណះអំណាងរបស់ខ្លួនថា អម្បូរបាឡែនមួយចំនួន គឺពុំស្ថិតក្រោមការគំរាមកំហែងឡើយ ហើយអាចនេសាទដើម្បីធ្វើជាអាហារបាន។
ជប៉ុន គឺជាប្រទេសហត្ថលេខីមួយ នៅក្នុងកិច្ចព្រមព្រៀងស្តីពីការប្រមាញ់ត្រីបាឡែន ប៉ុន្តែទីក្រុងតូក្យូ បានឆ្លៀតឱកាសកេងចំណេញលើចំណុចចន្លោះប្រហោងមួយ ដែលអនុញ្ញាតឲ្យសត្វសមុទ្រនេះ អាចត្រូវនេសាទនិងសម្លាប់បាន នៅក្រោមស្លាកឈ្មោះនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត។ ទោះជាបែបនេះក្តី វាច្បាស់ណាស់ថា សាច់របស់សត្វត្រីបាឡែន ដែលបានមកពីការនេសាទថ្មីនេះ នឹងក្លាយទៅជាម្ហូបនៅលើតុទទួលទានអាហារ ក្នុងប្រទេសជប៉ុន ទោះបីជាកន្លងមកគេសង្កេតឃើញថា ពុំសូវជាពេញនិយមដូចមុនក៏ដោយ៕