(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Red Wings បានធ្វើការចុះចតជាបន្ទាន់ នៅឯទីក្រុង Ufa ប្រទេសរុស្ស៊ី បន្ទាប់ពីមានអណ្តាតភ្លើងចេញពីម៉ាស៊ីនមួយចំហៀង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
យន្តហោះខាងលើជាប្រភេទ Tu-204 ដែលមានគោលដៅចេញដំណើរពីអាកាសយានដ្ឋាននៃទីក្រុង Ufa ភាគខាងកើតប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់ទីក្រុង Sochi ដែលនៅជាប់សមុទ្រខ្មៅ បានបកត្រឡប់មកចុះចតនៅក្រុង Ufa វិញ ដោយសុវត្ថិភាព ក្រោយពីម៉ាស៊ីននៅស្លាបផ្នែកខាងឆ្វេងរបស់យន្តហោះមានផ្ទុះអ្នកដំណើរចន្លោះពី២០២ទៅ២០៤នាក់នេះ បានឆាបឆេះ។
គួរជម្រាបថា សំណាងល្អពុំមាននរណាទទួលរងរបួសឡើយ ហើយក្រោយមកអ្នកដំណើរភាគច្រើន បានបន្តដំណើរឆ្ពោះទៅកាន់គោលដៅរបស់ពួកគេ តាមយន្តហោះបម្រុងមួយទៀត ខណៈមនុស្សមួយចំនួន បានជ្រើសរើសមិនព្រមបន្តការហោះហើរឡើយ បន្ទាប់ពីបានជួបហេតុការណ៍គួរឲ្យបះសក់នេះ៕