(តូក្យូ)៖ ជប៉ុននិងចក្រភពអង់គ្លេស បានសម្រេចលុបចោលគម្រោងសមយុទ្ធយោធារួមគ្នា ទាក់ទិននឹងការហ្វឹកហាត់ចល័តទ័ពវាយលុក លើតំបន់ឆ្នេរសមុទ្រពីនាវាផ្ទុកយានដឹកជញ្ជូនផ្លូវសមុទ្រ HMS Albion របស់អង់គ្លេស នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹករសៀលថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
សេចក្តីប្រកាសលុបចោលគម្រោងធ្វើសមយុទ្ធនេះ ត្រូវបានធ្វើឡើង ដោយស្ថានទូតអង់គ្លេសប្រចាំនៅជប៉ុន និងក្រសួងការពារជាតិជប៉ុន។ នាវា Albion បានធ្វើប្រតិបត្តិការនៅក្នុងនិងក្បែរដែនសមុទ្រជប៉ុន អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ដោយនាពេលកន្លងមកនេះ បានធ្វើការល្បាតដែនសមុទ្រដើម្បីជួយពង្រឹងការអនុវត្តន៍ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើងខណៈអង់គ្លេសកំពុងព្យាយាមពង្រឹងទំនាក់ទំនងការពារជាតិជាមួយជប៉ុន ស្របពេលដែលខ្លួនត្រៀមដើរចាកចេញពីសហភាពអឺរ៉ុប។
គួរជម្រាបថា ទីក្រុងឡុងដ៍កំពុងអន្ទះសារចង់បង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់មួយ ដែលជាកម្លាំងរុញច្រានកំណើនសេដ្ឋកិច្ចពិភពលោក ខណៈទីក្រុងតូក្យូចង់ពង្រីកទំនាក់ទំនងនៃវិស័យយោធាជាមួយបណ្តាប្រទេស ក្រៅពីសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិកជាដើម ខណៈខ្លួនកំពុងប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលយោធារបស់ចិន៕