(ហ្សេរុយសាឡឹម)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton នៅថ្ងៃអង្គារនេះបានអះអាងថា តួកគីអាចបញ្ចប់ជម្លោះ និងវិបត្តិជាមួយសហរដ្ឋអាមេរិកភ្លាមៗ ដោយគ្រាន់តែដោះលែងអាចារ្យគ្រឹស្ដសាសនាអាមេរិកឱ្យមានសេរីភាព ហើយថាលុយរបស់ ប្រទេសកាតាមិនអាចជួយសេដ្ឋកិច្ចតួកគីបាននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅអំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖«រដ្ឋាភិបាលតួកគីកំពុង ប្រព្រឹត្តកំហុសឆ្គងដ៏ធំមួយដោយមិនព្រមដោះលែងលោកអាចារ្យ Andrew Brunson...ប៉ុន្តែវិបត្តិ និងជម្លោះបច្ចុប្បន្នអាចនឹងត្រូវ បញ្ចប់ភ្លាមៗ បើសិនតួកគី សម្រេចចិត្តដើរលើផ្លូវត្រូវក្នុងនាមជាសមាជិកអង្គការណាតូ និងដោះលែងលោកអាចារ្យ Brunson ឱ្យមានសេរីភាពឡើងវិញ»។
សូមជម្រាបថា បច្ចុប្បន្ន រូបិយវត្ថុតួកគី (lira) កំពុងប្រឈមមុខនឹងការធ្លាក់ថ្លៃ ធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីលោក ត្រាំ ប្រកាសតម្លើងពន្ធលើការនំាចូលដែក និងអាលុយមីញ៉ូមពីតួកគី សម្រាប់ការបដិសេធដោះលែងលោក Brunson ដែលត្រូវបាន ទីក្រុងអង់ការ៉ាចោទថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចនៅតួកគីកាលពីឆ្នាំ២០១៦៕