(ប៉េកាំង)៖ មន្ត្រីការទូតជាន់ខ្ពស់ចិន លោក Chen Xiaodong បាននិយាយថាទីក្រុងប៉េកាំង រំពឹងថាសម្ព័ន្ធមិត្តការទូតចុងក្រោយ នៅក្នុងតំបន់អាហ្វ្រិករបស់កោះតៃវ៉ាន់ គឺប្រទេសអេស្វាទីនី (eSwatini) ឬគេធ្លាប់ស្គាល់ថាស្វាស៊ីឡង់ (Swaziland) អាចនឹងងាក មកបង្កើតចំណងមិត្តភាពការទូតជាមួយចិនក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ការលើកឡើងខាងលើរបស់លោក Chen ដែលជាជំនួយការរដ្ឋមន្ត្រីការបទេសចិន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ ក្នុងទីក្រុងប៉េកាំង តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសអែល សាល់វ៉ាឌ័រ ប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដោយងាកមកបង្កើតការទូតថ្មីនឹងទីក្រុងប៉េកាំង។ ថ្លែងនាឱកាសនោះ មន្ត្រីការទូតរូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រទេសស្វាស៊ីឡង់ មិនមានទំនាក់ទំនងជាមួយចិននោះទេ...ប៉ុន្តែយើងសង្ឃឹមថាប្រជាជាតិអាហ្រ្វិកទាំងអស់អាចនឹងចូលរួមប្រកបដោយ ភាពវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ហើយក្លាយជាគ្រួសារដ៏ធំមួយជាមួយគ្នា។ ខ្ញុំជឿជាក់ថាយើងនឹងអាចសម្រេចបាន គោលដៅនេះក្នុងពេលឆាប់ៗ»។
គួរបញ្ជាក់ថា បើតាមប្រភពការទូតជាច្រើន រដ្ឋាភិបាលចិន បាននិងកំពុងបង្កើនការដាក់សម្ពាធលើសម្ព័ន្ធមិត្តអាហ្រិ្វកចុងក្រោយរបស់កោះតៃវ៉ាន់ គឺប្រទេសស្វាស៊ីឡង់ ឱ្យងាកមកបង្កើតទំនាក់ទំនងការទូតជាមួយខ្លួន នៅមុនពេលកិច្ចប្រជុំកំពូលចិន-អាហ្រ្វិក ត្រូវធ្វើឡើងក្នុងទីក្រុងប៉េកាំង នៅខែកញ្ញាខាងមុខនេះ។
ដោយឡែក ការបង្កើតចំណងការទូតថ្មីរវាងចិន និងអែល សាល់វ៉ាឌ័រ កាលពីថ្ងៃអង្គារ បានធ្វើឱ្យតៃវ៉ាន់នៅសល់សម្ព័ន្ធមិត្តតែ១៧ ទៀតប៉ុណ្ណោះនៅទូទាំងពិភពលោក ខណៈភាគច្រើននៃប្រទេសទាំងនេះ គឺជាប្រទេសក្រីក្រនៅក្នុងតំបន់អាមេរិកកណ្ដាល និងតំបន់ប៉ាស៊ីហ្វិក ដូចជា ប៊ែលលីស (Belize) និង នូរុ (Nauru) ជាដើម៕