(វៀងច័ន្ទ)៖ គ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះភ្លៀង នៅប្រទេសឡាវ បានផ្តាច់ជីវិតមនុស្សយ៉ាងតិច៤៦នាក់ ខណៈ៩៧នាក់ទៀតកំពុងបន្តបាត់ខ្លួន និង០៤នាក់បានរងរបួស។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធរឡាវ ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ជាមួយគ្នានេះដែរ ប្រជាជនឡាវ២៣៦,១៨៨នាក់ នៅក្នុងស្រុក៧៩នៃខេត្តចំនួន១៤ បានទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ បន្ទាប់ពីព្យុះត្រូពិច Son Tinh និង Bebinca បានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ ចាប់តាំងពីពាក់កណ្តាលខែកក្កដា រហូតដល់ពាក់កណ្តាលខែសីហា។ ក្រៅពីនេះ ដីស្រែនិងចម្ការសរុបជាង១សែនហិកតាបានជន់លិច ប្រព័ន្ធធារាសាស្រ្តប្រមាណ២០០កន្លែងរងការខូចខាត និងសត្វចិញ្ចឹមជាច្រើនក្បាលបានងាប់។ ទន្ទឹមនឹងនេះ ផ្លូវថ្នល់ព្រមទាំងស្ពានប្រមាណ១៦០ខ្សែ ក៏បានរងការបំផ្លិចបំផ្លាញផងដែរ។
គួរជម្រាបថា បើតាមការបញ្ជាក់ពីអាជ្ញាធរឡាវ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហា ថវិកាសរុប១៥.៣លានដុល្លារ ត្រូវបានបរិច្ចាគ ដើម្បីជួយដល់ជនរងគ្រោះទាំងឡាយ៕