(ប៉េកាំង)៖ លោក Mahathir ដែលមានវ័យ៩៣ឆ្នាំ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ចប់ដំណើរទស្សនកិច្ច នៅប្រទេសចិនជាលើកដំបូង បន្ទាប់ពីលោកបានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាលើកទីពីរ។ ប្រព័ន្ធសារព័ត៌មានជាច្រើនរបស់បស្ចិមប្រទេសបានសម្គាល់ឃើញថា រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយលោក Mahathir នឹងកែប្រែគោលជំហរក្នុងកម្រិតធំនូវគោលនយោបាយការទូតជាមួយប្រទេសចិន។ ប៉ុន្តែពួកគេនឹកស្មានមិនដល់ថា លោក Mahathir បែរជាបានចាត់ទុកប្រទេសចិនជាប្រទេសទីមួយក្រៅពីប្រទេស ជាសមាជិកអាស៊ានសម្រាប់ដំណើរទស្សនកិច្ចរបស់លោកទៅវិញបន្ទាប់ពីការឡើងកាន់មុខតំណែង។

ក្នុងកិច្ចជំនួបជាមួយលោក Mahathir លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ភាគីទាំងពីរគួរតែរួមសហការគ្នា ដើម្បីកសាង «ខ្សែក្រវាត់មួយនិងផ្លូវមួយ» ក្នុងន័យជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងម៉ាឡេស៊ីក្នុងយុគសម័យថ្មី។

ជាការឆ្លើយតប លោក Mahathir បានថ្លែងថា ប្រទេសម៉ាឡេស៊ី មិនកែប្រែគោលនយោបាយការទូតដែលប្រកបដោយមេត្រីភាពជាមួយប្រទេសចិននោះឡើយ។ គំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់មួយនិងផ្លូវមួយ» របស់លោក ស៊ីជីន ភីង ប្រធានរដ្ឋចិន នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងអស់ក្នុងតំបន់នេះ។ ប្រទេសម៉ាឡេស៊ីសូមគាំទ្រ និងរីករាយចូលរួមយ៉ាងសកម្មនូវកិច្ចកសាង «ខ្សែក្រវាត់មួយនិងផ្លូវមួយ»

ពេលកន្លងទៅថ្មីៗនេះ ទីភ្នាក់ងារជួញដូរមូលបត្រ Nomura របស់ជប៉ុនបានចេញរបាយការណ៍មួយច្បាប់បង្ហាញថា ប្រទេសម៉ាឡេស៊ីគឺជាអង្គភាពសេដ្ឋកិច្ចអាស៊ីមួយ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចអាស៊ីចំនួន៤ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេពីក្នុងកិច្ចកសាង «ខ្សែក្រវាត់មួយនិងផ្លូវមួយ» ដោយម៉ាឡេស៊ីបានកៀរគរ វិនិយោគទុនបរទេសស្មើនឹងជិត១០%នៃផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ី។

ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ម៉ាឡេស៊ីក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា ចំណែកឯម៉ាឡេស៊ីវិញ គឺជាប្រទេសជាប្រភពនៃការនាំចូលធំជាងគេ របស់ប្រទេសចិនសម្រាប់តំបន់អាស៊ាន។ ប្រទេសចិនបានក្លាយជាប្រទេសប្រភពវិនិយោគធំជាងគេ លើឧស្សាហកម្មផលិតកម្មរបស់ម៉ាឡេស៊ីក្នុងរយៈពេល២ឆ្នាំជាប់ៗ និងជាប្រភពភ្ញៀវទេសចរធំជាងគេមួយរបស់ម៉ាឡេស៊ីក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា។ ម៉្យាងទៀតប្រទេសម៉ាឡេស៊ីមានជនជាតិចិនរស់នៅយ៉ាងច្រើនកុះករ ដែលបានដើរតួនាទីដ៏សំខាន់ទាំងក្នុងមជ្ឈដ្ឋាននយោបាយនិងពាណិជ្ជកម្មរបស់ម៉ាឡេស៊ី។

ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីឡើងកាន់អំណាចម្តងទៀត លោក Mahathir បានអំពាវនាវឲ្យពាណិជ្ជករបរទេសទៅវិនិយោគ និងសាងសង់រោងចក្រនៅប្រទេសម៉ាឡេស៊ី ដោយផ្ទាល់ ដើម្បីលើកស្ទួយឲ្យម៉ាឡេស៊ីក្លាយជាប្រទេសខ្លាំងក្លា ផ្នែកឧស្សាហកម្មផលិតកម្មដូចប្រទេសចិនអ៊ីចឹង។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន លោក Mahathir បានទៅទស្សនាដោយឡែកពីគ្នានៅទីស្នាក់ការទូទៅនៃក្រុមហ៊ុន Alibaba គ្រុបនិងក្រុមហ៊ុនផលិតរថយន្ត Jili ជាដើម ប្រការនេះអាចបញ្ជាក់បានថា បច្ចេកវិទ្យាខ្ពស់ដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក រថយន្តដើរដោយថាមពលថ្មី និងដ្រូនជាដើមជាចំណុចទាក់ទាញចំណាប់អារម្មណ៍របស់លោកដើម្បីស្តារសេដ្ឋកិច្ចម៉ាឡេស៊ីឡើងវិញ។

គ្មានអ្វីគួរឲ្យសង្ស័យទេ កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្រោមក្របខ័ណ្ឌ”ខ្សែក្រវាត់មួយនិងផ្លូវមួយ ច្បាស់ជានឹងក្លាយជាវិធីសាស្ត្រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងម៉ាឡេស៊ីជាមិនខាន ។នៅក្រោមការណែនាំដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ប្រទេសចិន និងម៉ាឡេស៊ីច្បាស់ជានឹងអាចរួមគ្នាបង្កើត កាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ បន្តពង្រីកទ្រង់ទ្រាយកិច្ចសហប្រតិបត្តិការនិងផលប្រយោជន៍រួមនិងដើម្បីឈ្នះ-ឈ្នះដូចគ្នា៕