(សេអ៊ូល)៖ កូរ៉េខាងជើង និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានព្រមព្រៀងគ្នាថានឹងបិទប៉ុស្ដន៍យោធាត្រួតពិនិត្យមួយចំនួននៅតាម

តំបន់ព្រំដែនរវាងប្រទេសទាំងពីរ ខណៈស្ថានភាពនៅលើឧបទ្វីបកូរ៉េកំពុងមានភាពស្ងប់ស្ងាត់។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិ
កូរ៉េខាងត្បូង ​ដកស្រង់ដោយសារព័ត៌មាន Channel News Asia​ នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo ថ្លែងបែបនេះនៅចំពោះមុខក្រុមអ្នកតំណាងរាស្ត្រ។ លោក Song បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងខាងលើ ទីក្រុងសេអ៊ូលយល់ព្រមបិទប៉ុស្ដន៍ត្រួតពិនិត្យចំនួន១០ ជាផ្នែកមួយនៃការកសាងទំនុក ចិត្តរវាងកូរ៉េទាំងពីរ អនុឡោមតាមសេចក្ដីថ្លែងការណ៍រួមរវាងលោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន កាលពីខែមេសា
កន្លងទៅ។

គួរបញ្ជាក់ថា បើតាមលោក Song Young-moo កូរ៉េខាងជើងអាចនឹងបិទប៉ុស្ដន៍យោធាត្រួតពិនិត្យរបស់ខ្លួន​ដូចដែលកូរ៉េខាងត្បូង បានធ្វើ។ ប៉ុន្តែ លោកមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេកបិទប៉ុស្ដន៍ទាំងនោះនៅឡើយទេ៕