(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយថាទីក្រុងតេហេរ៉ង់ត្រូវតែបង្កើនសមត្ថភាពយោធារបស់ខ្លួន ឱ្យរឹងមាំដើម្បីទប់ទល់ជាមួយនឹងបណ្ដាប្រទេសទាំងឡាយណា ដែលមានបំណងចង់បានទឹកដី និងធនធានរបស់អ៉ីរ៉ង់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ នាឱកាសប្រារព្ធទិវាឧស្សាហកម្មការពារជាតិ នៅថ្ងៃអង្គារនេះ លោក រូហានី បាន
លើកឡើងដូច្នេះថា៖«យើងត្រូវតែត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងមហាអំណាចយោធាដទៃ ដែលមានបំណងចង់បាន ទឹកដី និងធនធានធម្មជាតិរបស់យើង...ហើយបើចង់សម្រេចគោលដៅនេះឱ្យបាន យើងត្រូវតែបង្កើនសមត្ថភាពយោធាឱ្យកាន់តែ រឹងមាំ និងខ្លាំងក្លា»។
សូមជម្រាបថា បើទោះជាមិនបានបញ្ជាក់ចំឈ្មោះថាមហាអំណាចនោះជានរណា ប៉ុន្តែការកត់សម្គាល់របស់លោក រូហានី ធ្វើឡើង នៅចំពេលអ៉ីរ៉ង់កំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក ជាពិសេសគឺបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ា។ លើសពីនេះទៅទៀត នៅថ្ងៃអង្គារនេះ យោធាអ៉ីរ៉ង់ក៏បានបញ្ចេញផងដែរ យន្ដហោះចម្បាំងទំនើបចុងក្រោយបំផុតរបស់ខ្លួនឈ្មោះ Kowsar ដែលមាន សមត្ថភាពបំពាក់អាវុធទំនើបជាច្រើនប្រភេទ ហើយវានឹងត្រូវបានប្រើប្រាស់សម្រាប់គាំទ្របេសកកម្មដែនអាកាសរយៈចំងាយខ្លី៕