(ប៉េកាំង)៖ យោធាចិននឹងចូលរួមក្នុងការធ្វើសមយុទ្ធបែបយុទ្ធសាស្រ្ត Vostok-2018 ឬ East-2018 នៅឯប្រទេសរុស្ស៊ី ដែលនឹងប្រព្រឹត្ត​ទៅចាប់ពីចុងខែសីហា រហូតដល់ពាក់កណ្តាលខែកញ្ញាខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិចិន​ ដកស្រង់​ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។

កម្លាំង​យោធានៃប្រទេសទាំងពីរ នឹងធ្វើហ្វឹតហាត់អនុវត្តន៍ប្រតិបត្តិការរួមគ្នា នៅទីលាន Tsugol ក្នុងតំបន់ Trans-Baikal នៃ​ប្រទេស​រុស្ស៊ី ចាប់ពីថ្ងៃទី១១ដល់ដល់ទៅថ្ងៃទី១៥ ខែកញ្ញា ខណៈសមយុទ្ធយោធាទ្រង់ទ្រាយនេះ នឹងចាប់ផ្តើមតាំងពីចុងខែសីហានេះតទៅ។ យោង​តាមការបញ្ជាក់ពីក្រសួងការពារជាតិចិន សមយុទ្ធយោធានេះ ពុំមានចេតនាបង្ហាញសាច់ដុំដាក់ភាគីទីបីណាមួយឡើយ។

គួរជម្រាបថា ចិននឹងបញ្ជូន​កងទ័ព​ប្រហែល៣,២០០នាក់ រួមជាមួយ​បរិក្ខាយោធាជាង៩០០គ្រឿង និងយន្តហោះក៏ដូចជាឧទ្ធម្ភាគចក្រ​​​ចំនួន៣០គ្រឿង ទៅចូលរួមក្នុងសមយុទ្ធខាងលើ៕