(ហ្សាការតា)៖ មនុស្សភាគច្រើនច្បាស់ជាមានចម្ងល់ហើយថា ហេតុអ្វីបានជាកោះទេសចរណ៍ឥណ្ឌូណេស៊ី លុមបុក (Lombok) នាអំឡុងពេល០៣សប្តាហ៍ចុងក្រោយនេះ បានរងគ្រោះដោយសាររញ្ជួយដីកម្រិតធ្ងន់ៗ ជាបន្តបន្ទាប់ និងបានសម្លាប់ជីវិតមនុស្សសរុបជាង៥០០នាក់ និងបណ្តាលឲ្យរាប់សែននាក់បាត់បង់ផ្ទះសម្បែង គិតចាប់តាំងពីចុងខែកក្កដាមក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
ប្រទេសប្រជុំដោយកោះជាច្រើននេះ មានទីតាំងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ដែលគេហៅថា Pacific Ring of Fire គឺជាទីដែលស្រទាប់រឹងរបស់ផែនដី ឬស្រទាប់តិចតូនិច (Tectonic Plate) ប៉ះទង្គិចគ្នា ហើយបាតុភូតបន្ទុះភ្នំភ្លើង និងរញ្ជួយដីជាច្រើន តែងកើតមានឡើង។ ប៉ុន្តែវាពុំមែនជារឿងកើតឡើងញឹកញាប់នោះទេ ដែលកោះតែមួយគត់ បានទទួលរងការវាយប្រហារស្ទើរតែផ្ទួនៗ និងយ៉ាងធ្ងន់ធ្ងរបែបនេះ។
តើអ្វីដែលបានបង្កគ្រោះរញ្ជួយដីទាំងនេះ? គ្រោះរញ្ជួយដី ដែលបានកើតឡើងតាំងពីចុងខែកក្កដា គឺជាលទ្ធផលនៃការប៉ះទង្គិចគ្នាវវាងស្រទាប់តិចតូនិច Australia និង ស្រទាប់តិចតូនិច Eurasia ដែលស្ថិតនៅពីខាងក្រោមប្រទេសឥណ្ឌូណេស៊ី។ ការបុកគ្នានៃស្រទាប់រឹងទាំងពីរ បាននិងកំពុងតែបង្កឡើងនូវសកម្មភាព នៅតាមស្នាមក្រហែងភូមិសាស្រ្តក្រោមបាតសមុទ្រមួយ គេហៅថា Flores Backarc Thrust ដែលនៅភាគខាងជើងកោះ Lombok និងរត់ពីចុងភាគខាងកើតកោះជ្វា រហូតដល់ប្រទេសទីម័រ។
គួរជម្រាបថា កោះ Lombok បានរងការវាយប្រហារដោយរញ្ជួយដីយ៉ាងប្រល័យចំនួនពីរ គឺកាលពីថ្ងៃទី២៩ ខែកក្កដា និងថ្ងៃទី០៥ ខែសីហា។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហេតុការណ៍ញ័ររញ្ជួយមួយចំនួន ក៏បានកើតឡើងជាថ្មីម្តងទៀត ដោយក្នុងនោះកម្រិតខ្ពស់ជាងគេគឺ៦.៩រ៉ិចទ័រ។ បើតាមក្រុមអ្នកជំនាញខាងបាតុភូតរញ្ជួយផែនដី បាតុភូតនេះ អាចនឹងបន្តកើតមានទៀត ដោយមិនទាន់ចប់ឡើយ៕