(អង់ការ៉ា)៖ តួកគីបានសម្រេចចិត្តដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិក ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដំឡើង ពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ ដែលបានព្រមានថានឹងដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងអង់ការ៉ា ។ នេះបើតាមអង្គការ WTO ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថែ្លងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) អង្គការ WTO បានឱ្យដឹងដូច្នេះថា៖« តួកគីបានដាក់ពាក្យប្ដឹង និងស្នើឱ្យអង្គការ WTO ជួយដោះស្រាយជម្លោះពាណិជ្ជកម្មបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក ជុំវិញការ ដំឡើងពន្ធលើការនាំចូលផលិតផលដែក និងអាលុយមីញ៉ូមពីសំណាក់លោក ដូណាល់ ត្រាំ»។
សូមជម្រាបថា លោក ដូណាល់ ត្រាំ នៅក្នុងខែសីហានេះ បានប្រកាសដំឡើងពន្ធលើការនាំចូលដែក២០ភាគរយ និងអាលុយ មីញ៉ូម៥០ភាគរយ ពីប្រទេសតួកគី ហើយថែមទាំងព្រមានទៀតថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម បើទីក្រុងអង់ការ៉ា មិនព្រម ដោះលែងអាចារ្យគ្រឹស្ដអាមេរិកម្នាក់ឈ្មោះ Andrew Brunson ដែលកំពុងជាប់ឃុំនៅតួកគីទេនោះ៕