(តៃប៉ិ)៖ នៅទីបំផុតប្រទេស អែល សាល់វ៉ាឌ័រ (El Salvador) បានសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ហើយ នៅថ្ងៃអង្គារនេះ ដោយងាកមកបង្កើតចំណងមិត្តភាពថ្មីជាមួយទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ
សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
ការប្រកាសបង្កើតចំណងការទូតថ្មីរវាង ចិន និងអែល សាល់វ៉ាឌ័រ ត្រូវបានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ រួមរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគីអែល សាល់វ៉ាឌ័រ លោក Carlos Castaneda ក្នុងទីក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Joseph Wu បានចោទប្រកាន់ចិនថាបានប្រើប្រាស់ អំណាចទឹកលុយដើម្បីអូសទាញសម្ព័ន្ធរបស់តៃវ៉ាន់។ លោក Wu បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖«យើងមិនចង់ បន្តប្រកួតប្រជែងដោយប្រើទឹកលុយជាមួយចិននោះទេ...ប៉ុន្តែការដាក់សម្ពាធរបស់ចិននឹងមានតែធ្វើឱ្យតៃវ៉ាន់កាន់តែប្ដេជ្ញាចិត្ត បន្ត ដើរតាមជំហានប្រជាធិបតេយ្យ និងសេរីភាពរបស់ខ្លួន តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ប្រទេសអែល សាល់វ៉ាឌ័រ នឹងក្លាយជាប្រទេសទី០៥ ដែលប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ចាប់តាំងពី
លោកស្រី Tsai Ing-wen ឡើងកាន់ដំណែងជាប្រធានាធិបតីកាលពីឆ្នាំ២០១៦មក និងបន្ទាប់ពីប្រទេស បួរគីណា ហ្វាសូ (Burkina Faso), សាធារណៈរដ្ឋដូមីនិច (Dominican Republic), សៅតូម៉េ អែន ព្រីនស៊ីបប៉េ (Sao Tome and Principe) និងប៉ាណាម៉ា (Panama) ដែលសុទ្ធតែបានប្រកាសចំណងការទូតជាមួយតៃវ៉ាន់។
មួយវិញទៀត ការសម្រេចចិត្តរបស់អែល សាល់វ៉ាឌ័រ នឹងធ្វើឱ្យតៃវ៉ាន់នៅសល់សម្ព័ន្ធមិត្តតែ១៧ទៀត នៅទូទាំងពិភពលោក ខណៈ ភាគច្រើនក្នុងប្រទេសទាំងនេះ គឺជាប្រទេសក្រីក្រនៅក្នុងតំបន់អាមេរិកកណ្ដាល និងតំបន់ប៉ាស៊ីហ្វិក ដូចជា ប៊ែលលីស (Belize) និង នូរុ (Nauru) ជាដើម៕