(បាងកក)៖ ឧបនាយករដ្ឋមន្រ្តីថៃ លោក វីសានុ គ្រាង៉ាម (Wissanu Krea-ngam) បានបញ្ជាក់នៅចំពោះមុខក្រុមអ្នកសារព័ត៌មានថៃថា កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៩ នឹងត្រូវធ្វើឡើងចន្លោះថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃទី០៥ ខែឧសភា ឆ្នាំក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
លោក Wissanu ក៏បានឲ្យដឹងផងដែរថា ការហាមប្រាមផ្នែកនយោបាយនានា នឹងត្រូវបន្ធូរបន្ថយនាពេលឆាប់ៗ ដើម្បីអនុញ្ញាតឲ្យគណបក្សនយោបាយ អាចរៀបចំសកម្មភាពផ្សេងៗឡើងវិញបាន។ ទោះជាបែបនេះក្តី លោក Wissanu ពុំបានបង្ហើបឲ្យដឹងពីកាលបរិច្ឆេទជាក់លាក់ដែលបម្រាមទាំងនោះ នឹងត្រូវបន្ធូរបន្ថយឡើយ ប៉ុន្តែសេចក្តីព្រាងច្បាប់ទាក់ទិននឹងបញ្ហានេះរបស់ព្រឹទ្ធសភានិងសភាតំណាងរាស្រ្ត កំពុងស្ថិតក្រោមត្រួតពិនិត្យរបស់ព្រះមហាក្សត្រថៃ ដែលទ្រង់មានរយៈពេល៩០ថ្ងៃ ឬរហូតដល់ពាក់កណ្តាលខែកញ្ញា ដើម្បីផ្តល់ការគាំទ្រចំពោះសេចក្តីព្រាងច្បាប់ទាំងនោះ។
ក្រោយទទួលបានការគាំទ្រពីព្រះមហាក្សត្រ ច្បាប់របស់ព្រឹទ្ធសភានឹងចូលជាធរមានភ្លាមៗ ខណៈច្បាប់របស់សភាតំណាងរាស្រ្ត នឹងចូលជាធរមាននៅរយៈពេល៩០ថ្ងៃក្រោយ។ នៅពេលបម្រាមត្រូវបានបន្ធូរបន្ថយ គណបក្សនយោបាយ នឹងត្រូវអនុញ្ញាតឲ្យរៀបចំសកម្មភាពនយោបាយផ្សេងៗឡើងវិញ ដោយពុំចាំបាច់ត្រូវការការអនុញ្ញាតពីក្រុមប្រឹក្សាជាតិសម្រាប់សន្តិភាពនិងសណ្តាប់ធ្នាប់ដូចមុនឡើយ។
គួរជម្រាបថា បើតាមលោកឧបនាយករដ្ឋមន្រ្តីថៃ បម្រាមនយោបាយទាំងនោះ នឹងត្រូវដកចេញទាំងស្រុង នៅក្នុងរយៈពេល១៥០ថ្ងៃ ក្រោយការអនុវត្តន៍ច្បាប់ទាំងពីរ៕