(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រាប់សហរដ្ឋអាមេរិកកុំឱ្យព្រួយបារម្ភ ពាក់ព័ន្ធនឹងគំរោងទិញនាវា មុជទឹកពីរុស្ស៊ី ដ្បិតលោកនឹងមិនប្រើប្រាស់នាវាមុជទឹកនេះ ដើម្បីប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោននោះឡើយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
លោក ឌូតឺតេ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្ទរកថាក្នុងទីក្រុងដាវៅ នាពេលថ្មីៗនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមាន ហ្វីលីពីន ឱ្យបោះបង់ចោលគំរោងទិញនាវាមុជទឹកពីរុស្ស៊ី។ លោក ឌូតឺតេ បានលើកឡើងដូច្នេះថា៖ «ហេតុអ្វីបានជាអ្នក (សហរដ្ឋអាមេរិក) ហាមឃាត់បណ្ដាប្រទេសដទៃ? ហេតុអ្វីបានជាអ្នកហាមឃាត់ពួកយើង?...ហើយអ្នកជានរណាដែលហ៊ានមក គំរាមពួកយើង?»។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានាធិបតីហ្វីលីពីនរូបនេះ នៅតែបញ្ជាក់ដដែលកុំឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភ ដោយអះអាងថាលោកនឹងមិនប្រើប្រាស់នាវាមុជទឹក ឬអាវុធដទៃដែលទិញពីរុស្ស៊ី ប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោននោះទេ។
សូមជម្រាបថា បច្ចុប្បន្នរដ្ឋាភិបាលរបស់លោក ឌូតឺតេ ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាទិញនាវាមុជទឹក ទូកល្បាត និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងពីរុស្ស៊ី។ ប៉ុន្តែទន្ទឹមគ្នា ក៏មានសេចក្ដីរាយការណ៍ដែរថាសហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្មលើ ទីក្រុងម៉ានីល បើសិនជារដ្ឋាភិបាលលោកឌូតឺតេ ទិញអាវុធពីរុស្ស៊ី៕