(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំងលើវិស័យសុខាភិបាលសាធារណៈនៃប្រទេសរបស់ លោកសម្រាប់ការមិនបានបំពេញគ្រប់គ្រាន់តាមអ្វីដែលបានរំពឹងទុក រួមទាំងតម្រូវការរបស់ប្រជាជនកូរ៉េខាងជើង។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
ការរិះគន់ខ្លាំងៗរបស់លោក គីម ធ្វើឡើងនៅអំឡុងពេលដែលលោកបំពេញទស្សនកិច្ច ទៅកាន់រោងចក្រផលិតសម្ភារៈពេទ្យ Myohyangsan ស្ថិតនៅឯភាគពាយព្យនៃប្រទេសនាពេលថ្មីៗនេះ។ ប៉ុន្តែពេលវេលាជាក់លាក់ នៃដំណើរទស្សនកិច្ចនេះមិនត្រូវ បានសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បញ្ជាក់នោះទេ។ KCNA បានគូសបញ្ជាក់បន្ថែមទៀតថា លោក គីម ក៏បានសម្ដែងក្ដី ព្រួយបារម្ភ និងការសោកស្ដាយផងដែរចំពោះស្ថានភាពយ៉ាប់យ៉ឺនរបស់រោងចក្រ Myohyangsan ដោយលោកអំពាវនាវឱ្យមាន ការកែទម្រង់ និងធ្វើទំនើបកម្មជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការថែទាំងសុខភាពប្រជាជនកូរ៉េខាងជើង។
គួរបញ្ជាក់ថា ក្រោយជួបជាមួយលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ លោក គីម ជុងអ៊ុន ត្រូវបាន គេមើលឃើញថាបានងាកមកផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យជាច្រើនទៀត ដែលកំពុងញំញីដោយសារទណ្ឌកម្ម សេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ៕