News Update: ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ នៅប្រទេសឥណ្ឌាកើនដល់ជិត៤០០នាក់ (video inside)
20-08-2018 20:28
(ញូដេលី)៖ អាជ្ញាធរឥណ្ឌា បានអះអាងថាចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ នៅរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេស បានកើនដល់ជិត៤០០នាក់ហើយ ខណៈមនុស្សជាច្រើននាក់បានបាត់ខ្លូន និង១.២លាននាក់ កំពុងស្នាក់នៅតាមជំរុំស្នាក់នៅ បណ្ដោះអាសន្ន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរឥណ្ឌា គិតមកទល់នឹងថ្ងៃចន្ទនេះ ប្រជាជនឥណ្ឌា១.២លាននាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្តោះ អាសន្នជាង១,៥០០កន្លែង ដែលត្រូវបានរៀបចំឡើងនៅទូទាំងរដ្ឋ Kerala ស្របពេលមនុស្សជាច្រើននាក់កំពុងបាត់ខ្លួន នៅឡើយ។ តែទោះជាយ៉ាងនេះក្ដី កងកម្លាំងទាំងជើងគោក ជើងទឹក និងជើងអាកាសនៃប្រទេសឥណ្ឌា នៅតែបន្តធ្វើប្រតិបត្តិការ ជួយសង្រ្គោះរបស់ពួកគេដដែល ដើម្បីជួយដល់ប្រជាជនរងគ្រោះ។
គួរជម្រាបថា ក្នុងអំឡុងនៃការធ្វើទស្សនិច្ចទៅកាន់រដ្ឋខាងលើ និងសួរសុខទុក្ខជនរងគ្រោះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ក៏បានប្រកាសទម្លាក់កញ្ចប់ថវិកាជំនួយប្រមាណ៧៥លានដុល្លារភ្លាមៗ បន្ថែមពីលើថវិការបស់រដ្ឋាភិបាលកណ្តាលចំនួន១៥លានដុល្លារ ដើម្បីជួយដល់រដ្ឋ Kerala ផងដែរ៕