(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ គ្រួសារកូរ៉េខាងត្បូង និងកូរ៉េខាងជើង ប្រមាណ១៨០នាក់ ដែលបានព្រាត់ប្រាសគ្នាតាំងតែពីសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) មក នឹងត្រូវជួបគ្នាក្នុងរយៈពេលដ៏ខ្លីមួយនៅថ្ងៃចន្ទនេះ នៅលើទឹកដីកូរ៉េខាងជើង៕
២៖ អាជ្ញាធរឥណ្ឌា នៅថ្ងៃចន្ទនេះ បានអះអាងថាចំនួនមនុស្សស្លាប់ដោយគ្រោះទឹកជំនន់នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេស ឥណ្ឌា បានកើនដល់៣៧០នាក់ ខណៈមនុស្សច្រើនជាង ៧០០,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ៕
៣៖ កងនាវាចម្បាំងរុស្ស៊ីប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើដំណើរទៅដល់សមុទ្រ Okhotsk ដើម្បីត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅទីនោះ៕
៤៖ យោធាឥណ្ឌា បានប្រកាសពីជោគជ័យនៃការធ្វើតេស្តមីស៊ីលកម្ទេចរថក្រោះ និងគ្រាប់បែកទំនើបប្រភេទ SAAW នៅឯរដ្ឋ Rajasthan ភាគខាងលិចប្រទេស៕
៥៖ គ្រោះរញ្ជួយដីចំនួនពីរលើកកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានអង្រួនកោះទេសចរណ៍ លុមបុក (Lombok) ភាគកណ្តាល ឥណ្ឌូណេស៊ី បានផ្តាច់ជីវិតមនុស្សយ៉ាងតិច០៥នាក់ និង៤០នាក់របួសហើយវាក៏បានបង្កឲ្យមានការភ័យតក់ស្លុតជាថ្មីម្តងទៀត ផងដែរ៕
៦៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang) បានកត់សម្គាល់ថាកិច្ចព្រមព្រៀងដែលលោកបានព្រមព្រៀងគ្នាជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ នៅថ្ងៃចន្ទនេះ បានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសទាំងពីរចង់រក្សាទំនាក់ ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕