(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang) បានកត់សម្គាល់ថាកិច្ចព្រមព្រៀងដែលលោកបានព្រមព្រៀងគ្នា ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ នៅថ្ងៃចន្ទនេះ បានបញ្ជាក់យ៉ាងច្បាស់ថាប្រទេសទាំងពីរចង់រក្សាទំនាក់ ទំនងមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN​ នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

លោក លី ខឺជាំង ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក មហាធៀ នៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុង ប៉េកាំង នាឱកាសដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន។ លើសពីនេះទៅទៀត លោកនាយករដ្ឋ មន្ត្រីចិនរូបនេះ ក៏បានអះអាងផងដែរថារដ្ឋាភិបាលចិនមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយម៉ាឡេស៊ី តាមរយៈការធ្វើពាណិជ្ជកម្មសេរី និងគិតគូពីផលប្រយោជន៍រួម។

គួររំលឹកថា កាលពីខែមិថុនាកន្លង រដ្ឋាភិបាលរបស់លោក មហាធៀត មហាំម៉ាត់ បានសម្រេចចិត្តផ្អាកគំរោងមានតម្លៃ២២ពាន់លាន ដុល្លារ ក្នុងនោះរួមមានទំាងគំរោងផ្លូវដែក ដែលត្រូវបានចុះហត្ថលេខាដោយទីក្រុងប៉េកាំង និងរដ្ឋាភិបាលនៃអតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ក្នុងគោលបំណងសន្សំសម្ចៃថវិកាជាតិ។ ប៉ុន្តែ លោក មហាធៀ នៅតែបញ្ជាក់ដដែលថាលោក នឹងជជែកពីបញ្ហានេះនៅអំឡុងដំណើរទស្សនកិច្ចរយៈពេល០៥ថ្ងៃរបស់លោក ក្នុងទីក្រុងប៉េកាំង៕