(ប៉េកាំង)៖ បេសកជនពិសេសចិនសម្រាប់ប្រទេសស៊ីរី លោក Xie Xiaoyan នៅថ្ងៃចន្ទនេះ បានច្រានចោលសេចក្ដីរាយការណ៍ ដែលថាទីក្រុងប៉េកាំងបានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសស៊ីរី ដោយអះអាងថាការចោទប្រកាន់នេះគឺជារឿងមិនពិត។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
ប្រតិកម្មរបស់លោក Xie ធ្វើឡើងបន្ទាប់ពីកាលពីដើមខែសីហាកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានឱ្យដឹងថាកងទ័ពចិនបានត្រៀម ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយកងទ័ពរដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកភេរវករនៅក្នុងខេត្ត Idlib និងខេត្តមួយចំនួន ទៀតរបស់ស៊ីរី។ តែយ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Xie ច្រានចោលព័ត៌មាននេះ ដោយបញ្ជាក់ដូច្នេះថា៖« សេចក្ដីរាយការណ៍ដែលថាកងទ័ពចិនកំពុងចូលរួមនៅក្នុងជម្លោះនៅស៊ីរី គឺជារឿងមិនពិត ដ្បិតចិនមិនបានដាក់ពង្រាយយោធានៅ ក្នុងប្រទេសស៊ីរីនោះទេ...ម្យ៉ាងវិញទៀត ទីក្រុងប៉េកាំងនៅតែប្រកាន់ភ្ជាប់ជានិច្ចនូវការដោះស្រាយជម្លោះតាមរយៈការផ្សះផ្សាជាតិ និងដោយសន្តិវិធី»។
គួរបញ្ជាក់ថា បើតាមលោក Xie Xiaoyan ចិនប្រឆាំងជំទាស់ជាដាច់ខាតនឹងភេរវកម្មគ្រប់ទម្រង់ ហើយក៏បានអំពាវនាផងដែរឱ្យ សហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងពួកភេរវករនៅទូទាំងពិភពលោក៕