(អង់ការ៉ា)៖ ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់ បានបើកការបាញ់រះលើស្ថានទូតអាមេរិក ប្រចាំទីក្រុងអង់ការ៉ា ប្រទេសតួកគី នៅថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងតំបន់) ចេញពីរថយន្ដមួយគ្រឿង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍លម្អិតបន្ថែមនៅឡើយទេ ខណៈប៉ូលិសតួកគីកំពុងតាមចាប់ជនសង្ស័យ។ គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនេះកើតមានឡើងនៅចំពេល តួកគី និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹងនឹងគ្នាទាំងផ្នែកការទូត និងពាណិជ្ជកម្ម ដោយសារតែការចាប់ឃុំខ្លួនអាចារ្យគ្រឹស្ដសាសនាអាមេរិកម្នាក់ ដោយអាជ្ញាធរតួកគី៕