(ចិន)៖ របាយការណ៍ផ្លូវការមួយ ស្តីអំពីស្ថានភាពសន្តិសុខអ៊ីនធើណេត របស់ប្រទេសចិនបង្ហាញថា បណ្តាញអ៊ីនធើណេតក្នុងទូរស័ព្ទ ប្រឈមនឹងហានិភ័យសន្តិសុខកាន់តែខ្ពស់។
របាយការណ៍ឆ្នាំ២០១៧ ស្តីអំពីសន្តិសុខអ៊ីនធើណេតចិន បានសង្ខេបស្ថានភាពសន្តិសុខអ៊ិនធើណេតក្នុងប្រទេសចិន ក្នុងឆ្នាំ២០១៧។ របាយការណ៍នេះ បានចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅ នៅក្នុងសន្និបាតមជ្ឈមណ្ឌលគ្រោះអាសន្ន អ៊ីនធើណេតជាតិប្រចាំឆ្នាំ២០១៨។
ទិន្នន័យបានបង្ហាញថា ឧបករណ៍ដែលអាចភ្ជាប់អ៊ីនធើណេត បានដែលបានឆ្លងមេរោគចេញពីកុំព្យូទ័រក្នុងប្រទេសចិន មានចំនួន១២,៥៦០,០០០គ្រឿង (១២លាន៥សែន៦ម៉ឺនគ្រឿង) ក្នុងឆ្នាំ២០១៧ ទាបជាងឆ្នាំ២០១៦ ចំនួន២៦.១ភាគរយ។ ប៉ុន្តែចំនួនកម្មវិធីមេរោគនៅលើបណ្តាញទូរស័ព្ទដៃ មានច្រើនជាង ២,៥៣០,០០០កម្មវិធី (២លាន៥សែន៣ម៉ឺនកម្មវិធី) ឯណោះ កើនឡើង២៣.៤ភាគរយ បើប្រៀបធៀបរវាងឆ្នាំ២០១៧ និង២០១៦។
អ្នកជំនាញនិយាយថា ហានិភ័យសន្តិសុខ នៃប្រព័ន្ធប្រតិបត្តិការនិម្មិត និងមិននិម្មិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផលប្រយោជន៍ ចំបងរបស់ប្រជាជនចិន។
លោក យ៉ាន ហានពីង នាយកមន្ទីរប្រតិបត្តិការនៃមជ្ឈមណ្ឌលគ្រោះអាសន្នអ៊ីនធើណេតជាតិ បានថ្លែងថា «ចំនួនភាពងាយរងគ្រោះនៃសន្តិសុខអ៊ីនធើណេត នៅក្នុងឧបករណ៍ឆ្លាតវៃ ដែលភ្ជាប់អ៊ីនធើណេតក្នុងឆ្នាំ២០១៧ គឺមានច្រើនជាងឆ្នាំ២០១៦ ដល់ទៅជាងទ្វេដងឯណោះ។ ហើយចំនួននេះនៅតែបន្តកើនឡើងក្នុងឆ្នាំ២០១៨។ វាបង្ហាញថា ឧបករណ៍ថ្មីៗដែលភ្ជាប់អ៊ីនធើណេត ពិតជាមានការប្រឈមខ្ពស់ណាស់»។
ទិន្នន័យឯកជនរបស់ប្រជាជនជាច្រើននាក់ រួមទាំងទិន្នន័យអំពីអាសយដ្ឋានផ្ទះ អត្តសញ្ញាណ និងគណនីធនាគារផងនោះ សុទ្ធតែមានរក្សាទុកនៅក្នុងទូរស័ព្ទដៃ ជាកន្លែងដែលប្រឈមនឹងការឆ្លងមេរោគខ្ពស់បំផុត។
លោក ឈិន សៀវគ័ង ប្រធានសន្តិសុខបណ្តាញ ក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខបណ្តាញ ថ្លែងថា «កម្មវិធីមេរោគទាំងនេះ គឺស្រដៀងនឹងមេរោគជាទូទៅដូចជា ត្រូចាន (Trojan) ដែរ។ មេរោគទាំងនេះ ឆ្លងចូលទូរស័ព្ទដៃតាមអ៊ីនធើណេត ហើយក៏ hack ចូលមើលទិន្នន័យឯកជនរបស់អ្នកប្រើទូរស័ព្ទ និងលួចលុយរបស់គេដោយសម្ងាត់តាមវិធីផ្សេងៗដូចជា ទិញទំនិញនិងកុម្ម៉ង់ទិញទំនិញអ្វីមួយ ដោយមិនឱ្យម្ចាស់ទូរស័ព្ទដឹងខ្លួន»។
ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកប្រើទូរស័ព្ទដៃមានការចាំបាច់ត្រូវប្រុងប្រយ័ត្ន និងត្រូវចៀសឱ្យឆ្ងាយពីឯកសារ ឬដំណរភ្ជាប់ទាំងឡាយណា ដែលគួរឱ្យសង្ស័យ៕ (សារព័ត៌មាន CCTV របស់ចិន)