(​ម៉ូស្គូ)៖ ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន គឺលោក យូរី យូសាកូវ (Yuri Ushakov) បានឱ្យដឹងថាទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង នឹងពិភាក្សាគ្នាពីជម្រើសជាច្រើន ទាក់ទិននឹងការរៀបចំដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន មកកាន់ ប្រទេសរុស្ស៊ី នៅខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក លោក យូរី យូសាកូវ បានលើកឡើងយ៉ាងខ្លីដូច្នេះថា៖«យើងបានប្រគល់លិខិតអញ្ជើញដល់ដៃ របស់គាត់(លោក គីម ជុងអ៊ុន) ហើយព័ត៌មាននេះក៏ត្រូវបានទទួលស្គាល់ជាច្រើនដងផងដែរ...ដូច្នេះយើងនឹងពិភាក្សាគ្នាពីជម្រើស ជាច្រើនទាក់ទិននឹងការរៀបចំដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី នៅខែកញ្ញាខាងមុខនេះ»។

គួររំលឹកថា នៅអំឡុងដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) ត្រូវបានគេរាយការណ៍ថាបានប្រគល់លិខិតអញ្ជើញមួយឱ្យលោក គីម ជុងអ៊ុន ចូលរួមក្នុងវេទិការសដ្ឋកិច្ច ភាគខាងកើត (EEF) នៅឯទីក្រុង Vladivostok ប្រទេសរុស្ស៊ីពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ។ ប៉ុន្តែ ពុំទាន់មាន ចម្លើយតបផ្លូវការណាមួយពីទីក្រុងព្យុងយ៉ាងនៅឡើយទេ៕