(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូនិងទីក្រុងញូដេលី កំពុងបន្តពិភាក្សាគ្នាដដែលជុំវិញគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មី ខណៈនាពេលកន្លងមកមានសេចក្តីរាយការណ៍ព័ត៌មានថា ឥណ្ឌាបានដកខ្លួនចេញពីគម្រោងនេះ។ នេះបើតាមប្រធានសហគ្រាសផលិតយន្តហោះនិងសព្វាវុធរុស្ស៊ី UAC ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
នាពេលកន្លងទៅនេះ ទីក្រុងម៉ូស្គូក៏បានបញ្ជាក់ផងដែរថា ខ្លួនពុំទទួលបានការជូនដំណឹងណាមួយពីភាគីឥណ្ឌា ជុំវិញការដកខ្លួនចេញរបស់ទីក្រុងញូដេលី ពីគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំងជំនាន់ថ្មីឡើយ ទោះបីជាមានសេចក្តីរាយការណ៍ព័ត៌មានថា ឥណ្ឌាមានចេតនាចង់ដើរចេញពីគម្រោងប្រកបដោយមហិច្ឆតានេះយ៉ាងណាក្តី។
គួរជម្រាបថា នៅក្រោមគម្រោងខាងលើរវាងរុស្ស៊ីនិងឥណ្ឌា ភាគីទាំងពីរនឹងត្រូវបោះទុកវិនិយោគម្ខាង០៤ពាន់លានដុល្លារ នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ ខណៈការចំណាយសរុបសម្រាប់ការផលិតយន្តហោះចម្បាំងជំនាន់ថ្មីចំនួន១២៧គ្រឿង អាចនឹងត្រូវការ២៥ពាន់លានដុល្លារ។ ក្នុងគម្រោងនេះអ្នកតំណាងឲ្យរុស្ស៊ីគឺក្រុមហ៊ុន Sukhoi និងអ្នកតំណាងឥណ្ឌាគឺក្រុមហ៊ុន Hindustan Aeronautics៕