(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានអះអាងថា ការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិរបស់ សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨នេះ អាចនឹងក្លាយជាគោលដៅរបស់រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់។ ប៉ុន្តែទន្ទឹមគ្នា លោក Bolton ផ្ទាល់មិនបានបង្ហាញភស្ដុតាងណាមួយនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
លោក Bolton ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យ។ ទីប្រឹក្សាសន្តិសុខ ជាតិរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំអាចនិយាយបានថាក្រៅពីរុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ អាចនឹងលូកលាន់ចូលក្នុងកិច្ច ការបោះឆ្នោតអាមេរិក...ហើយជាការពិតណាស់យើងកំពុងចាត់វិធានការជាជំហានៗ ដើម្បីទប់ស្កាត់ការប៉ុនប៉ងរបស់ប្រទេស ទាំងបួននេះ»។
គួរបញ្ជាក់ថា ការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ នឹងត្រូវប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ នៅក្នុងបរិបទដែល ការព្រួយបារម្ភពីការលូកលាន់របស់បរទេស កាន់តែកើនឡើងជាលំដាប់ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន ចោទប្រកាន់រុស្ស៊ី បានជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕