(ហ្សាការតា)៖ គ្រោះរញ្ជួយដីចំនួនពីរលើកកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានអង្រួនកោះទេសចរណ៍ លុមបុក (Lombok) ភាគកណ្តាលឥណ្ឌូណេស៊ី បានផ្តាច់ជីវិតមនុស្សយ៉ាងតិច០៥នាក់ និង៤០នាក់របួស ហើយវាក៏បានបង្កឲ្យមានការភ័យតក់ស្លុតជាថ្មីម្តងទៀតផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
កាលពីអំឡុងថ្ងៃអាទិត្យម្សិលមិញ គ្រោះរញ្ជួយដីជាបន្តបន្ទាប់បានវាយប្រហារ ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី ដោយរញ្ជួយដីទីមួយមានកម្រិត៦.៣រ៉ិចទ័រ បានកើតមានមុនវេលាថ្ងៃត្រង់ និងបង្កឲ្យមានការរអិលបាក់។ ក្រោយមកនាវេលាយប់វិញ រញ្ជួយដីមួយទៀតមានកម្រិត៦.៩រ៉ិចទ័រ ក៏បានកើតឡើងថែមទៀត និងបានសម្លាប់មនុស្ស០៥នាក់។
គួរជម្រាបថា កោះលុមបុក ទើបតែបានរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីដ៏ប្រល័យចំនួនពីរលើកហើយប៉ុណ្ណោះ គឺកាលពីថ្ងៃទី២៩ ខែកក្កដា និងថ្ងៃទី០៥ ខែសីហា ដែលបានផ្តាច់ជីវិតមនុស្សសរុបជិត៥០០នាក់ និងធ្វើឲ្យមនុស្សរាប់សែននាក់ទៀត បាត់បង់ផ្ទះសម្បែង៕