(ម៉ូស្គូ)៖ ឧទ្ធម្ភាគចក្រយោធាធុន Mi-26T2V ដែលអភិវឌ្ឍន៍ឡើងសម្រាប់កងទ័ពអាកាសនៃប្រទេសរុស្ស៊ី បានធ្វើការហោះហើរតេស្តជាលើកដំបូង ក្រោយពីត្រូវបានដំឡើងសមត្ថភាពហើយថ្មីៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
ឧទ្ធម្ភាគចក្រខាងលើ ដែលផលិតឡើងដោយក្រុមហ៊ុនរ៉ូស្វឺតុល (Rosvertol) នឹងត្រូវដាក់តាំងបង្ហាញនាពេលឆាប់ៗ ក្នុងពិព័រណ៌យោធានិងបច្ចេកទេសអន្តរជាតិឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ូស្គូ ចាប់ពីថ្ងៃទី២១ដល់ទី២៦។ ឧទ្ធម្ភាគចក្រនេះ នឹងត្រូវប្រគល់ជូនទៅកាន់យោធារុស្ស៊ី នៅក្រោមកម្មវិធីផ្គត់ផ្គង់សព្វាវុធរបស់រដ្ឋ សម្រាប់ឆ្នាំ២០១៨ដល់ឆ្នាំ២០២៧។
គួរជម្រាបថា ឧទ្ធម្ភាគចក្រ Mi-26T2V ដែលទើបត្រូវបានបង្កើនសមត្ថភាពនេះ អាចសន្តោងឥវ៉ាន់ធ្ងន់ៗ និងដឹកជញ្ជូនកងទ័ពបានយ៉ាងមានប្រសិទ្ធភាព ហើយវាក៏មានលទ្ធភាពការពារខ្លួនប្រឆាំងនឹងគ្រាប់មីស៊ីលជាច្រើនប្រភេទផងដែរ៕