(សេអ៊ូល)៖ គ្រួសារកូរ៉េខាងត្បូង និងកូរ៉េខាងជើង ប្រមាណ១៨០នាក់ ដែលបានព្រាត់ប្រាសគ្នាតាំងតែពីសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) មក នឹងត្រូវជួបគ្នាក្នុងរយៈពេលដ៏ខ្លីមួយនៅថ្ងៃចន្ទនេះ នៅលើទឹកដីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
ពិធីជួបជុំមានរយៈពេលមួយសប្ដាហ៍នេះ នឹងចាប់ផ្ដើមធ្វើឡើងនៅឯតំបន់ទេសចរណ៍ភ្នំ Kumgang របស់កូរ៉េខាងជើង នៅម៉ោង ០៣ រសៀលនេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសា កន្លងទៅ។ មួយវិញទៀត បើតាមយ៉ុនហាប់ គ្រួសារកូរ៉េខាងត្បូងច្រើនជាង៥៧,០០០នាក់ ដែលនៅរស់រាន្តមានជីវិតពីសម័យសង្គ្រាម បានចុះឈ្មោះដើម្បីចូលរួម ក្នុងពិធីនេះ ប៉ុន្តែមានតែ៨៩នាក់ប៉ុណ្ណោះ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងជុំទីមួយនៃពិធីជួបជុំគ្រួសារកូរ៉េ។
សូមជម្រាបថា ខាងភាគីគ្រួសារកូរ៉េខាងត្បូង ដែលនឹងត្រូវចូលរួមក្នុងពិធីជួបជុំ ដែលមានរយៈពេលត្រឹម១១ម៉ោង គឺមានអាយុ ចន្លោះពី៧០ រហូតដល់១០១ឆ្នាំ។ ប៉ុន្តែ ពិធីជួបជុំរបៀបនេះតែងតែបញ្ចប់ទៅជាមួយការបន្សល់ទុកនូវភាពសោកសៅ និងការនឹក រលឹកគ្នាពោញដោយភាពឈឺចាប់។ ពិធីជួបជុំលើកទីមួយនឹងត្រូវធ្វើឡើងពីថ្ងៃចន្ទ ដល់ថ្ងៃពុធ រីឯលើកទីពីរនឹងត្រូវប្រព្រឹត្តទៅពី ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ៕