(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ជាលើកទី០៤ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។
លោក Bolton ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថាលោករដ្ឋមន្ត្រីការបរទេស Pompeo នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេស កូរ៉េខាងជើងជាលើកទី០៤ក្នុងពេលឆាប់ៗនេះ...ហើយខ្ញុំក៏គិតដែរថាកាលបរិច្ឆេកនៃដំណើរទស្សនកិច្ចនេះនឹងត្រូវបានប្រកាសនៅ ពេលវេលាសាកសមណាមួយដោយក្រសួងការបរទេសអាមេរិក»។
គួរបញ្ជាក់ថា លោក Mike Pompeo បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន០៣លើក រួចមកហើយ កាលពីខែមេសា ឧសភា និងខែកក្កដាកន្លងទៅ ចាប់តាំងពីលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីខែមេសា ឆ្នាំ២០១៨នេះមក៕